ភ្នំពេញ៖ ប្អូនស្រីបង្កើតតារាចម្រៀង ខេរៈ សិរីមន្ត គឺកញ្ញា ខេរៈ ស្រីពៅ ដែលបាត់មុខពីសិល្បៈជាច្រើនឆ្នាំនេះស្រាប់តែប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនថានឹងចូលបន្ទប់វះកាត់ក្នុងពេលដ៏ខ្លីដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង។
ខេរៈ ស្រីពៅធ្លាប់បញ្ចេញវីដេអូខ្លីម្តងប៉ុណ្ណោះបញ្ជាក់ពីស្ថានភាពសុខភាពរបស់នាងក្រោយពីដំណឹងអកុសល្យជាច្រើនបានកើតមានឡើងចំពោះនាង។ នាងបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាថ្មីក្រោយពីនាងបញ្ចេញសារស្វែងរកកម្លាំងចិត្ត មុនពេលចូលបន្ទប់សង្គ្រោះបន្ទាន់ក្នុងពេលដ៏ខ្លីខាងមុខ។ ការបញ្ជាក់នេះដែរក្រោយពីស្ថានភាពជំងឺរបសតារាចម្រៀងស្រី កញ្ញា រូបនេះ កាន់តែធ្ងន់ធ្ងរ ។
បន្ថែមលើនេះបើតាមសំណេររបស់បងប្រុសនាងគឺ លោក ខេមរៈ សិរីមន្ត បានបង្ហោះរូបថតប្អូនស្រីមួយសន្លឹកលើហ្វេសបុក ដោយរៀបរាប់ថា ជាច្រើនឆ្នាំមកនេះ ប្អូនស្រីដ៏កំសត់ម្នាក់នេះមិនដែលចង់ឃើញfanដែលគាំទ្រគាត់ពិបាកចិត្តព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយគាត់ចង់ឃើញfanគាត់រីករាយគ្រប់ពេលវេលា… តែក្នុងនាមខ្ញុំជាបងប្រុសរបស់គាត់ចង់ប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលខាងមុខនេះគាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយ…ខ្ញុំជាបងប្រុសជូនពរប្អូនឲ្យឆ្លងផុតពេលវេលាដ៏លំបាកនេះបើបងប្អូនស្រលាញ់នឹងគាំទ្រគាត់មជូនពរគាត់ឲ្យឆ្លងផុតគ្រោះនេះផង ដើម្បីគាត់មានសុខភាពល្អមកបំពេញការងារសិល្បៈវិញណា។
កន្លងទៅ ថ្មីៗនេះ តារាចម្រៀង ខេមរៈ ស្រីពៅ ធ្លាប់បានប្រកាសប្រាប់មហាជននៅទំព័រហ្វេសប៊ុកថានឹងវិលចូលប្រឡូកក្នុងវិស័យសិល្បៈវិញក្រោយពីបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ។ នាង បានបង្ហោះសារដោយភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹកថា៖ “បងប្អូនក្នុងហ្វេសប៊ុកទាំងអស់គ្នាប្រាកដជានៅរង់ចាំនាងខ្ញុំឲ្យមកចូលសិល្បៈវិញ កុំបារម្ភអីណានាងខ្ញុំប្រាកដជាចូលសិល្បៈវិញ ចង់និយាយថា ស្រឡាញ់អ្នកទាំងអស់គ្នាកុំភ្លេចជួយ Like Comment និងShare បន្តដើម្បីឲ្យបងប្អូនបានដឹងអស់គ្នា” ។ ប៉ុន្តែស្ថានភាពជំងឺរបស់នាងនៅមិនទាន់បានធូរស្បើយនៅឡើយស្របពេលដែលអ្នកគាំទ្រនាងជាច្រើនបានជូនពរឲ្យនាងមានសុខភាពល្អ និងទទួលការវះកាត់ដោយជោគជ័យ៕ ដោយ វឌ្ឍនា