ខេត្តកណ្តាល៖ រថយន្តទួរីសមួយគ្រឿងបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកបុរសម្នាក់កំពុងជិះម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៣ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេច កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិល្វា ឃុំត្បែង ស្រុកកណ្តាលស្ទឹង ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ មានអាយុប្រមាណ២៥ឆ្នាំ ,កម្ពស់១.៥៥ម៉ែត្រ ,សក់ខ្លីរួញ ,សម្បុរសណ្តែកបាយ ,ពាក់អាវយឺតដៃខ្លី ពណ៌លឿងខ្ចី ,ស្លៀកខោខៅប៊យ ជើងវែង ពណ៌ខៀវ ជិះម៉ូតូម៉ាកហុងដាអ៊ែរប្លែត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1F-9905 ។ ចំណែកឯរថយន្តបង្កជាប្រភេទរថយន្តទួរីស ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកណ្តាល 2Z-1393 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុបានរត់គេចខ្លួនបាត្រ់មោល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជើងទៅត្បួង ដោយល្បឿនលឿនបណ្តាលឲ្យរេចង្កូតចូលទៅបុកម៉ូតូជនរងគ្រោះដែលកំពុងបើកបរច្រាស់ទិសគ្នា បណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម ។ ដោយឡែកម៉ូតូរងការខូចខាតទាំងស្រុង រីឯរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្ក បានគេចខ្លួនបានស្រមោល រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលនិងអាជ្ញាធរ បញ្ចុះបណ្តោះអាសន្ននៅវត្តពោធិ៍សាត់ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ដើម្បីរងចាំសាច់ញាតិមកទទួលយក ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កដោយរថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រយ័ត្ន បណ្តាលអោយរេចង្កូតចូលទៅបុកដែលកំពុងបើកបរប្រកាន់ស្តាំ ៕
ដោយ៖ ស្អាងជ័យ