លោក លឹម គានហោ ដឹកនាំគណៈប្រតិភូនៃក្រសួងធនធានទឹក និងឧតុនិយម​ចូលរួម គោរពវិញ្ញាណក្ខ័ន្ធសពលោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូ ជាថ្នាក់ដឹកនាំនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាពនាថ្ងៃសៅរ៍ ០៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៣៖០០ នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានផ្ទះលេខ៣៩១ ផ្លូវប៉ូឡារីស បូរីប៉េងហួត (បឹងស្នោរ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅក្នុងសាររំលែកមរណទុក្ខរបស់ លោក លឹម គានហោ គោរពផ្ញើជូនលោកជំទាវ មាឃ ឡាញ់ ព្រមទាំងក្រុមគ្រួសារនៃសពលោក នៃ ប៉េណា មានខ្លឹមសារថា យើងខ្ញុំទាំងអស់គ្នា មានសេចក្ដីសោកស្ដាយ និងអាលោះអាល័យជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងរបស់ប្រជាជនកម្ពុជា នូវវីរជនដ៏ឆ្នើម ដែលយើងខ្ញុំទាំងអស់គ្នាតែងតែចងចាំជានិច្ចពុំអាចបំភ្លេចបាន។

ក្នុងមួយជីវិតរបស់លោក បានបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ដើម្បីជាតិមាតុភូមិកម្ពុជាជាទីស្នេហានៃយើង ដោយនាំមកនូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនប្រទេសជាតិ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត ចូលរួមរំលែកមរណទុក្ខដោយក្ដីសោកសង្រេងបំផុត ជាមួយលោកជំទាវ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងសុំឲ្យវិញ្ញាណក្ខន្ធរបស់ លោក នៃ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print