មានអ្នកស្លាប់និងរបួសជាច្រើនដោយសារព្យុះ ត្រាមី នៅជប៉ុន

ចែករំលែក៖

ជប៉ុនបន្តរងការវាយប្រហារដោយព្យុះ ថ្មីមួយទៀត មានឈ្មោះថា ព្យុះទីហ្វុង ត្រាមី( Trami) ព្យុះនេះ បានវាយប្រហារចូលដល់ដីគោកជប៉ុន កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨ ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា មានអ្នកស្លាប់ និងរបួសជាច្រើន ដោយសារព្យុះនេះ ។

តាមសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃទី ១ ខែតុលា បានផ្សាយថា ព្យុះទីហ្វុងកំណាច ត្រាមី (Trami) ដែលបានចាប់ផ្តើមបោកបក់លើដែនដីជប៉ុនកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននោះ បានផ្តាច់ជីវិតមនុស្ស ២នាក់ហើយ និងមនុស្សជាង ១០០នាក់ទៀត បានទទួលរងរបួស ខណៈមនុស្សពីរនាក់កំពុងបាត់ខ្លួន។

យោងតាមការផ្សាយរបស់ទូរទស្សន៍ NHK លំនៅឋានប្រមាណ ៤៥០,០០០ខ្នង បន្តគ្មានអគ្គិសនីប្រើប្រាស់ ស្ថិតនៅក្នុងទីក្រុងតូក្យូ និងខេត្តក្បែរខាង ខណៈដែលល្បឿនខ្យល់បោកបក់នៅភាគកណ្តាលប្រទេសជប៉ុន បានកើនឡើងដល់ ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ អាជ្ញាធរប៉ុនបានចេញសេចក្តីព្រមាន និងណែនាំឲ្យប្រជាជនជាង ១២០,០០០នាក់ រស់នៅភាគកណ្តាលប្រទេសជប៉ុន ក៏ដូចជាកោះហុកខៃដូ (Hokkaido) នៃភាគខាងជើង និងឦសាន ជម្លៀសខ្លួនពួកគេទៅរកទីកន្លែងមានសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រៅពីគ្រោះមហន្តរាយដោយផ្ទាល់ ចំពោះប្រជាជនជប៉ុនខាងលើនេះ ជើងហោះហើរសរុបជាង ២០០ ក៏ត្រូវបានលុបចោលផងដែរ ខណៈព្យុះទីហ្វុងមកដល់ពេលព្រឹកថ្ងៃចន្ទនេះ បានថមថយល្បឿនមកត្រឹម ៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង សំដៅទៅភាគខាងជើងប្រទេសជប៉ុន និងកោះឃើរៀល (Kuril Islands)៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print