​មានអ្នកស្លាប់និងរបួសជាច្រើន ដោយសារព្យុះ​ ត្រាមី នៅប្រទេសជប៉ុន

ចែករំលែក៖

ប្រទេសជប៉ុន៖  ជប៉ុនបន្តរងការវាយប្រហារដោយព្យុះ ថ្មីមួយទៀតមានឈ្មោះថា​ព្យុះទីហ្វុង ត្រាមី​(​ Trami)ព្យុះនេះបានវាយប្រហារចូលដល់ដីគោកជប៉ុន កាលពីថ្ងៃទី ៣០ខែកញ្ញាកន្លងមក ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ៖ មានអ្នកស្លាប់និងរបួសជាច្រើន ដោយសារព្យុះនេះ។​

តាមសារព័ត៌មាន​ Sputnik ​នៅព្រឹកថ្ងៃទី ១ខែតុលាបានផ្សាយថា៖ ព្យុះទីហ្វុងកំណាច ត្រាមី (Trami) ដែលបានចាប់ផ្តើមបោកបក់លើដែនដីជប៉ុន​កាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ បានផ្តាច់ជីវិត​មនុស្ស ០២នាក់ហើយ និងមនុស្សជាង​ ១០០នាក់ទៀត​បានទទួលរងរបួស ខណៈមនុស្សពីរ​នាក់កំពុងបាត់​ខ្លួន។

យោងតាម​ការផ្សាយរបស់​ទូរទស្សន៍ NHK លំនៅដ្ឋានប្រមាណ ៤៥០,០០០ខ្នង បន្តគ្មានអគ្គិសនី​ប្រើប្រាស់ ស្ថិតនៅក្នុង​ទីក្រុងតូក្យូ និងខេត្តក្បែរខាង ខណៈដែលល្បឿន​ខ្យល់បោកបក់​នៅភាគកណ្តាលប្រទេសជប៉ុន បានកើន​ឡើងដល់ ១៦០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។ អាជ្ញាធរជប៉ុន​បានចេញសេចក្តីព្រមាន និងណែនាំ​ឲ្យប្រជាជនជាង ១២០,០០០នាក់ រស់នៅភាគ​កណ្តាលប្រទេស​ជប៉ុន ក៏ដូចជា​កោះហុកខៃដូ (Hokkaido) នៃភាគខាងជើង និងឦសាន ធ្វើការជម្លៀស​ខ្លួនពួកគេទៅរកទីកន្លែង​មានសុវត្ថិភាព​។

គួរបញ្ជាក់ថា ក្រៅពីគ្រោះ​មហន្តរាយដោយ​ផ្ទាល់ ចំពោះប្រជាជនជប៉ុន​ខាងលើនេះ ជើងហោះហើរ​សរុបជាង ២០០ ក៏ត្រូវបានលុបចោល​ផងដែរ ខណៈព្យុះ​ទីហ្វុង​មកដល់​ពេលព្រឹក​ថ្ងៃចន្ទនេះ បានថមថយល្បឿន​មកត្រឹម ៦០គីឡូម៉ែត្រ​ក្នុងមួយម៉ោង សំដៅទៅ​ភាគខាងជើង​ប្រទេសជប៉ុន និង​កោះឃើរៀល (Kuril Islands)៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print