ខេត្តពោធិ៍សាត់៖ បុរសជាឪពុកចុងរងការចោទពីកូនស្រីចុង ករណីចាប់រំលោភនាងបានសម្រេច នៅឯក្បែចំការក្នុងព្រៃជើងភ្នំដាច់ស្រយាលមួយ នៅគ្រាដែលបុរសសង្ស័យល្មោភកាម(ឪពុកចុង)ឌុបនាងទៅចំការល្ងរ។
ហេតុការណ៍សង្ស័យឪពុកចុងចាប់រំលោភកូនស្រីចុងបានសម្រេចខាងលើនោះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង២០នាទី រសៀលថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅក្បែចំការដាំណាំល្ងររបស់ខ្លួន ត្រង់ចំណុចក្នុងព្រៃជើងភ្នំចេក ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរឲ្យដឹងដែរថា ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌសហការគ្នាឃាត់ឈ្មោះ ចេន អង់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ សាញ់ គឹមហៀង អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយបង្កើតរបស់ម្ចាស់បណ្ដឹងកូនស្រីរងគ្រោះឈ្មោះ ទ សណ អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារជនសង្ស័យជា(ឪពុកចុង) ស្ថិតក្នុងភូមិ.ភូមិ.ឃុំជាមួយគ្នាខាងលើ។ លោក វរសេនីយ៍ឯកបន្តថា យោងតាមកំណត់ហេតុបណ្ដឹង និងការបំភ្លឺរបស់នាងជាកូនចុង ឪពុកចុងឈ្មោះ ចេន អង់ បានបបួល និងឌុបខ្លួនទៅមើលចំការល្ងរនៅចំណុចខាងលើ ប៉ុន្តែនៅគ្រាទៅដល់គាត់(ឪពុកចុង)មិនបានមើលចំការទេ ដោយគាត់នាំឡើងទៅលើខ្នងភ្នំថាដើររកថ្នាំរួចក៍ចុះមកក្រោមវិញ លុះមកដល់ជើងភ្នំមានអូរទឹកមួយនាំគ្នាផឹក គ្រានោះឪពុកចុងឈ្មោះ ចេន អង់ បានចាប់នាងរំលោភបានសម្រេចបើទោះជាខ្លួនខំរើបំរាស់ និងអង្វរក៍ដោយ រំលោភរួចគាត់(ចេន អង់)បានឌុបនាងមកផ្ទះវិញ ហើយបានឲ្យលុយនាងចំនួន ៣០,០០០រៀលដោយកុំនិយាយប្រាប់ម្ដាយ និងសាច់ញាតិ ប៉ុន្តែនាងនៅតែរាបរប់ប្រាប់ម្ដាយតែគាត់មិនអើលពើនោះទេ នាងបន្តទៅរាបរប់ប្រាប់ជីតាក៍បែកការណ៍បែបនេះតែម្ដង។ លោក អធិការនគរបាលបន្តទៀតថា ជនសង្ស័យជាឪពុកចុងបាននាំយកមកបន្តនីតិវិធី ដើម្បីស្រង់យកចម្លើយនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ហើយជនសង្ស័យក្នុងករណីរំលោភជាឪពុកចុង(ចេន អង់)បានឆ្លើយថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ខ្លួនពិតជាបានឌុបកូនស្រីទៅចំណុចចំការនោះមែន ហើយបានចាប់អោបថើបនាងនៅខាងលិចចំការប្រមាណ ១០០ម៉ែត្រ(មិនបានចាប់រំលោភនោះទេ) ករណីនេះជំនាញរបស់លោកបំពេញសំណំឯកសារបញ្ជូនទៅថ្នាក់លើចាត់ការបន្ត៕ ដោយ បឹុម ពិន