ភ្នំពេញ:បុរសម្នាក់ស្លាប់ដោយសារបើករថយន្តតូយ៉ូតាព្រូសទៅបុកទ្រូងក្បាលនាគពុះចែកទ្រូងផ្លូវនៅមុខច្រកចូលផ្សារទួលគោកហើយបណ្តាលឲ្យឆេះរថយន្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានអោយដឹងថាសពបុរសជាអ្នកបើកបររថយន្តមានឈ្មោះ អេន សៅ អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម បើករថយន្តម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ធ្វើតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង និងល្បឿនយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតជ្រុលទៅបុកក្បាលនាគព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យមានផ្សែងហុយចេញពីរថយន្តកើតជាអណ្តាតភ្លើងឆាបឆេះរដយន្តតែម្តង។ ហើយក៏មានប្រជាពលរដ្ឋជួយទាញយកអ្នកបើកបររថយន្តចេញពីក្នុងរថយន្ត តែអ្នកបើកបរបានបាក់កស្លាប់បាត់ទៅហើយ និងមានប្រជាពលរដ្ឋខ្លះបាននាំគ្នាទាញទុយយោទឹកបាញ់ពន្លត់រថយន្តតែមិនរលត់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញមកចំនួនពីរគ្រឿងជួយបាញ់ពន្លត់អស់ទឹកតែបន្តិចក៏រលត់ជាស្ថាពរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានដឹកយកសពទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិ ដោយឡែករថយន្តត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ជ្រោយពេជ្រ