ភ្នំពេញ៖ នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខតំណាង លោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន ជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្ត សិស្សានុសិស្សប្រលងជាប់និទ្ទេសន៍ A នៅក្នុងខណ្ឌសែនសុខ ដែលប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប) នៅសម័យប្រលងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។
លោក ម៉ូវ ម៉ានិត បានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលបាន ប្រឡងជាប់ និទ្ទេសA ទាំងប្រាំរូប ក្នុងម្នាក់ៗ ទទួលបាន ម៉ូតូមួយគ្រឿង តបតាមការសន្យា ក្នុងពិធីសំណេះសំណាលកន្លងមក។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់ថា លទ្ធផលផ្លូវការនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) លទ្ធផលបេក្ខជនសរុបតាមនិទ្ទេស នាសម័យប្រឡង ២០ សីហា ២០១៨ រួមមាន បេក្ខជន និទ្ទេស A ២៩០ នាក់,បេក្ខជន និទ្ទេស B ១ ៥៣២ នាក់,បេក្ខជន និទ្ទេស C ៤ ៦៣១ នាក់,បេក្ខជន និទ្ទេស D ១៣ ៩៩៩ នាក់ ,បេក្ខជន និទ្ទេស E ៥៤ ៦០៧ នាក់ ខណៈបេក្ខជនប្រឡងជាប់ទូទាំងប្រទេសមានចំនូន ៧៥ ០៥៩ នាក់៕
លោក ម៉ូវ ម៉ានិត បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិង មានមោទនភាពយ៉ាងអនេកចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបីតាសិស្សដែលបានរួមគ្នាសម្រេច បាននូវភាពជោគជ័យដ៏ត្រចះត្រចង់នេះ ដែលទាំងនេះកើតចេញពី ការខិតខំប្រឹងប្រែងរៀនសូត្រ របស់ពួកគេ សេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមជាមួយការលើកទឹកចិត្តផ្សេងៗទៀត ដែលនាំដល់ការទទួលបាននូវលទ្ធផលវិជ្ជមាន សម្រាប់សិស្សានុសិស្សទាំងអស់នេះ ។
លោក ម៉ូវ ម៉ានិត បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស បន្តនូវការប្រឹងប្រែងសិក្សា ដើម្បីទទួលបានជោគជ័យនិងការរីកចម្រើនរបស់ខ្លួន និងបន្តដំណើរឆ្ពោះទៅមុខទៀតទៅកាន់ថ្នាក់ឧត្តមសិក្សា ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធានាកសាងអនាគតមួយឲ្យភ្លឺស្វាងសម្រាប់ខ្លួនឯង ក៏ដូចជាប្រទេសជាតិរបស់ខ្លួនផងដែរ ៕