ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានស្លាប់នៅកន្លែងកើតហេតុក្នុងហេតុការណ៍រថយន្តកាមរីឆ្លាម១គ្រឿងបើកក្រឡាប់ខ្លួនឯងជាច្រើនត្រឡប់សមត្ថកិច្ចសង្ស័យថាទំនងជាអ្នកបើករថយន្តនោះបើកងងុយដេក ។ គ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចមិនទាន់ដឹងអ្នករងរបួសចំនួនប៉ុន្មាននាក់នៅឡើយនោះទេ ដោយជនរងគ្រោះត្រូវគេដឹកបញ្ជូនយកទៅមន្ទីរពេទ្យ មុននិងនគរបាលចរខេត្តចុះទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចឃើញសាកសពស្ត្រីរងគ្រោះតែម្នាក់ប៉ុណ្ណោះចំណែកអ្នកបើករថយន្តសមត្ថកិច្ចសន្និដ្ឋានថាទំនងជាទទួលរងរបួសនោះផងដែរ ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាសាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សូ សុផល អាយុ៥២ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។រថយន្តកាមរីឆ្លាមពណ៌ត្រីឆ្លូញ ស៊េរីឆ្នាំ97ពាក់ស្លាក លេខភ្នំពេញ2C-4163 ។
លោកវរសេនីយ៍ត្រី សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តបាត់ឱ្យដឹងថាគ្រោះថា្នក់ចរាចរណ៍ខាងលើបើតាមសមត្ថកិច្ចចុះទៅវាស់វែង ពិនិត្យឃើញថារថយន្តកាមរី ឆ្លាមធ្វើដំណើរក្នុងទិសដៅពីកើតមកលិច(ខេត្តសៀមរាបមកខេត្តបន្ទាយមានជ័យ)ក្នុងល្បឿនលឿន រថយន្តនោះទំនងជាអ្នកបើកមិនប្រុងប្រយ័ត្ន ហើយសង្ស័យងងុយដេក រថយន្តក៏រ៉េចង្កូតទៅខាងស្តាំដៃជ្រុលក្រឡាប់ទៅក្នុងស្រែជាច្រើនត្រឡប់តែម្តងដោយរថយន្តរងការខូចខាត ធ្ងន់ធ្ងរ ។
លោកនាយរងការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតែ ស្រាវជ្រាវរកអ្នកបើករថយន្តនិងអ្នករងបួសនៅកន្លែងគ្លីនិកនិងមន្ទីរពេទ្យនៅក្នុងក្រុងសិរីសោភ័ណ ។
សាកសពស្ត្រីរងគ្រោះក៏ត្រូវបានដឹកតាមរថយន្តស្នងការដ្ឋាននគរបាលខេត្តដើម្បីយកទៅប្រគល់ជូនដល់ក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តត្រូវបានស្ទូច យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ៕
ដោយ៖ សំ វិច្ឆិកា