ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៧ខ្នងរងការខូចខាត់(របើកដំបូល និងដួលរំលំ) និងរងរបួសមនុស្សប្រុសស្រីចំនួន ៣នាក់ផងដែរ ដោយសារគ្រោះធម្មជាតិ(ខ្យល់កន្រ្ទាក់)យប់មុិញ។
គ្រោះធម្មជាតិបណ្ដាលឲ្យរងការខូចខាត់ផ្ទះសម្បែង និងរងរបួសមនុស្សខាងលើ បានកើតឡើងកាលពីវេលាទាបភ្លឺថ្ងៃព្រហស្បតិ៍្ត ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទួលរគាំង ឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានជាបឋមពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៥ទាបភ្លឺ មានធ្លាក់ភ្លៀងមួយមេធំលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្រ្ទាក់បោកបក់យ៉ាងខ្លាំងខ្លា បណ្ដាលឲ្យរបើកដំបូល និងដួលរលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៧ខ្នង ក្នុងនោះក៍មានរងរបួសមនុស្សស្រីចំនួន ៣នាក់ផងដែរ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ករណីគ្រោះធម្មជាតិបណ្ដាលឲ្យមានរងការខូចខាតរបើកដំបូល និងដួលរលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ មន្រ្តីជំនាញគ្រោះមហន្តរាយណ៍កំពុងញាប់ដៃញាប់ជើង ចុះសហការជាមួយអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវ និងជួយសំរួលដល់ពួកគាត់៕ ដោយ បឹុម ពិន