ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងភរិយា លោកអភិបាលរង និងភរិយា ព្រមទាំងមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌ ការិយាល័យចំណុះ ជំនាញ រួមជាមួយលោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់គោកឃ្លាង ចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌ និងរាប់បាត្រវេនទី១០ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តសុវណ្ណមុនីសាគរ (ហៅវត្តសំរោងអណ្តែត) ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌ រដ្ឋបាលខណ្ឌសែនសុខ តែងតែអញ្ជើញចូលរួមធ្វើបុណ្យធ្វើទានជាមួយពុទ្ធបរិស័ទព្រមទាំងបាននាំយកនូវគ្រឿងសក្ការបូជាមានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និង ព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគបរិភោគជាច្រើនមុខ និងបច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យ ឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតាញាតិការទាំង៧សន្ដាន ដែលបាន ចែកឋានទៅកាន់បរិលោកខាងមុខសូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។
ចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានបូជាអាយុជីវិតក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ បុព្វបុរសទាំងនោះបានចាប់កំណើតកើតក្នុងឋានដ៏ខ្ពង់ខ្ពស់ និងងាកក្រោយឲ្យពរសព្វសាធុការដល់ម្ចាស់ទាន សូមឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋទូរទាំងខណ្ឌសែនសុខ ជួបតែសេចក្តីសុខ សេចក្តីចំរើន៕