ខេត្តកំពង់ធំ: បុរសម្នាក់ខណៈស្រវឹងស្រាខ្លាំង បានយកមងទៅដាក់យកត្រីមកធ្វើម្ហូប នៅបឹង មួយឆ្ងាយពីផ្ទះតែម្នាក់ឯង ស្រាប់តែលង់ទឹកស្លាប់ចោលប្រពន្ធកូនដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ។
ហេតុកាណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា គ.ស២០១៨ នៅបឹងធំមួយក្នុងភូមិស្ពានគ្រង ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
មន្រ្តីនគរបាលស្រុកស្ទោងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង រិន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កសិករ មាន ទីលំនៅចំណុច កើតហេតុខាងលើ ។
តាមក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គឺនៅអំឡុងម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះ មកពីផឹក ស្រាស្រវឹងដល់ផ្ទះ ក៏ទាញមងមួយដៃយកទៅដាក់នៅ បឹងមួយឆ្ងាយពីផ្ទះតែម្នាក់ឯង ដើម្បីយកត្រីធ្វើម្ហូប ។ លុះរយៈពេលជាច្រើនម៉ោងមិនឃើញត្រឡប់មកផ្ទះវិញ កូន ចៅញាតិមិត្តក្នុងភូមិនាំគ្នាទៅ តាមដល់បឹងស្រាប់តែឃើញជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ ក៏នាំគ្នាស្រង់លើកសពមកផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យបានដឹង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជារងគ្រោះ ដោយលង់ទឹកស្លាប់ប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕