ភ្នំពេញ: បុរសម្នាក់បើករថយន្តឡិចស៊ីសRX300មួយគ្រឿងយ៉ាងលឿនបានជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តដាច់ក្រឡេទៅមុខលែងរួច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២៨៩ ខាងមុខច្រកចូលផ្សារទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ឡចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7555 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់២កង់។ ចំណែកឯរថយន្តរងការខូចខាតដាច់ក្រឡេកង់និងកំពិតផ្នែកខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។
គួរបញ្ជាក់ថានោះជាលើកទី៣ហើយដែលមានរថយន្តបើកទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវខាងលើដែលទើបតែដាក់បានប្រមាណជាងមួយសប្ដាហ៍ប៉ុណ្ណោះ។ ដោយរយ:ពេលកន្លងទៅ២ -៣ថ្ងៃថ្មីៗនេះ ក៏មានរថយន្ត២គ្រឿងបានបើកទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវខាងលើជាបន្តបន្ទាប់ ដែលបង្កឲ្យបុរសម្នាក់បានបាក់កស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀតរងរបួស។ ហើយប្រជាពលរដ្ឋដែលរស់ជុំវិញកន្លែងកើតហេតុនិងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានរអ៊ូរទាំ និងសម្ដែងការមិនពេញចិត្តចំពោះក្រសួងសាធារណ:ការ ដែលដាក់របាំងថ្មពុះចែកទ្រូងផ្លូវមិនស្មើគ្នានៅត្រង់ចំណុចដែលមានភ្លើងស្តុបស្ទើរតែគ្រប់ផ្លូវដែលមានរបាំងដាក់ ពោលគឺមានភាពធំម្ខាងនិងតូចម្ខាង ដែលហេតុនេះធ្វើឲ្យអ្នកបើកបរយានជំនិះពិបាកក្នុងការគេច ហើយបើកមិនបានប្រុងប្រយ័ត្នទេនោះគឺនិងបុកដូចករណីនេះតែម្តង៕ជ្រោយពេជ្រ