ខេត្តបាត់ដំបង៖ ក្មេងទំនើង៤នាក់ត្រូវបានកម្លាំងនគរបាលបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួនក្រោយពីក្មេងទំនើងទាំងនោះ និងបក្ខពួកជាច្រើននាក់ទៀតវាយគ្នា ក្នុងវត្តនៅពេលចាក់ធុងបាសរាំងកំសាន្តបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងពិធីរៀបចំអបអរសារទថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ។
កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងវត្តក្តុល ភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង។ ក្មេងទំនើងទាំង៤នាក់ក្រោយពីឃាត់ខ្លួននគរបាលចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីយកមកចាត់ការតាមនីតវិធី ។
ក្មេងទំនើងទាំងនោះឈ្មោះ ១,វ៉ាន់ ឆរ៉ា ភេទប្រុសអាយុ២៥ឆ្នាំ ២,សៀវ វ៉ៃ ភេទប្រុស អាយុ២២ឆ្នាំ ៣, កង គា ភេទប្រុស អាយុ២៤ឆ្នាំ និង៤, អំ ជា ភេទប្រុស អាយុ២៣ឆ្នាំ ពួកគេទាំង៤នាក់រស់នៅក្នុងភូមិតាកុយ និងភូមិសំរោង១ ក្រុងបាត់ដំបង។
ក្មេងទំនើងទាំង៤នាក់បានបង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងការរៀបចំពិធីបុណ្យអបអរសារទថ្ងៃបុណ្យអ៊ុំទូកអកអំបុកសំពះព្រះខែនិងបណ្តែប្រទីប នៅក្នុងវត្តខណៈ ដែលមាន ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាចូលរួមយ៉ាងសប្បាយរីករាយនោះ។
ក្មេងទំនើងទាំង៤នាក់ខាងលើក្រោយពីកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តធ្វើការសាកសួបំពេញសំណុំរឿងររួចចហើយនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នេះ ត្រូវបានចាប់បញ្ជូនទៅកាន់តុលាការដើម្បីយកទៅអនុវត្តតាមផ្លូវច្បាប់ ៕
ដោយ៖ សំ វិច្ឆិកា