ខេត្តបាត់ដំបង៖ បុរសម្នាក់ទៀតហើយបើកត្រាក់ស៊ីឈ្នួលភ្ជួរដីចំការតាង៉ែនហើយបើកទៅជាន់មីនតោកប់ក្នុងដីបន្សល់ទុកតាំងពីសម័យសង្គ្រាម១គ្រាប់បណ្តាលឱ្យទទួលរងបួសធ្ងន់ត្រូវបានគេដឹកបញ្ជួនយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនចំណែកត្រាក់ទ័ររងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង១១នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិអូរចំណិត ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ករណីផ្ទុះមីនតោនខាងលើដែលបង្កឱ្យអ្នករងរបួសធ្ងន់ម្នាក់នៅពេលនេះត្រូវគេមើលឃើញថាក្រោយពី៣ថ្ងៃមុននេះមានជនរងគ្រោះ៣នាក់រងការផ្ទុះមីនតោននៅស្រុកបវេលបណ្តាលឱ្យស្លាប់១នាក់ទទួលរងរបួសធ្ងន់២នាក់ខណៈជនរងគ្រោះបើកម៉ាស៊ីនច្រូតស្រូវទៅជាន់មីនតោន។បុរសរងគ្រោះមានឈ្មោះ ឆេង ចេក អាយុ៣២ឆ្នាំ រស់នៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ។
ជុំវិញនៃហេតុការនេះ បើតាមប្រភពព័ត៌មានពីលោកនាយប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំតាស្តា ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគឺជនរងគ្រោះហើយបើកត្រាក់ទ័រទៅភ្ជួរដីចំការតាង៉ែនឱ្យឈ្មោះ វ៉ាត នៅចំណុចខាងលើ ។លុះបន្ទាប់មកស្រាប់តែកង់ត្រាក់ទ័រខាងមុខផ្នែកខាងឆ្វេងទៅជាន់មីនតោនបណ្តាលឱ្យផ្ទុះឡើងកក្រើកហើយផ្លោងជនរងគ្រោះចេញពីត្រាក់ទ័រចម្ងាយជាង២ម៉ែត្របង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងធ្វើចំការនៅក្បែរនោះ ។
លោកនាយប៉ុស្ថិ៍បានប្រាប់ឱ្យដឹងទៀតថា បន្ទាប់ពីកើតហេតុបែបនោះហើយប្រជាពលរដ្ឋបាននាំគ្នាដឹកជនរងគ្រោះយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យភ្លាមៗតែម្តង ។
ជនរងគ្រោះត្រូវអំបែកមីនដាច់ម្រាមដៃខាងស្តាំចំនួន២ និងត្រូវ ក្រោមត្របកភ្នែកខាងស្តាំមួយកន្លែងទៀត ជនរងគ្រោះកំពុងតែស្ថិតក្នុងការជួយសង្គ្រោះជីវិត ពីសំណាក់ក្រុមគ្រូពេទ្យ ។
លោកបញ្ជាក់ទៀតថាជនរងគ្រោះគេចផុតពីសេចក្តីស្លាប់ដោយសាតតែត្រាក់ទ័រគ្មានដំបូល ប្រសិនត្រាក់ទ័រមានដំបូលវិញជនរងគ្រោះប្រហែលមិនអាចរស់ជីវិតបាននោះឡើយដោយសារតែកលាំងខ្យល់មីនផ្ទុះបុកប៉ើងទៅនិងដំបូល រណ្តៅមីនផ្ទុះនោះសមត្ថកិច្ចពិនិត្យឃើញថាមានទទឹងប្រវែងជាង២បួនជ្រុង និងជម្រៅជាង១ម៉ែត្រ។ទីតាំងផ្ទុះមីនខាងលើជាតំបន់ដែលប្រជាពលរដ្ឋទៅកាប់ឆ្ការព្រៃឈុះឆាយធ្វើចំការជាង១០ឆ្នាំមកហើយ មិនមានការដោះមីននោះឡើយ ហើយអតីតផ្លូវចាស់ដែលមានការឆ្លងកាត់ចល័តទ័ព ក្នុងអំឡុងតំណាក់កាលអតីតប្រទេសជាតិមានសង្គ្រាម ហើយតំបន់នោះដែរកាលពីជាង១០ឆ្នាំមុនក៏ធ្លាប់កើតមានហេតុការណ៍អ្នកបរទេះគោជាន់ផ្ទុះមីនតោនបណ្តាលឱ្យស្លាប់មនុស្ស៣នាក់នោះផងដែរ ៕
ដោយ៖ សំ វិច្ឆិកា