ភ្នំពេញ៖ សមត្ថកិច្ចស្គាល់អត្ដសញ្ញាណ និងបានហៅស្ដ្រីម្នាក់ដែលយកស្កត់បិទមាត់កូន ហើយត្រូវបានគេយកវីដេអូមកបង្ហោះ ធ្វើឲ្យផ្ទុះការរិះគន់ពេញបណ្ដាញសង្គម Facebook នោះមកនាំ អប់រំធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើកូនបន្ដទៅទៀត។
លោកអនុសេនីយ៍ឯក ឌួង វណ្ណៈ នាយប៉ុស្ដិ៍នគរបាលសង្កាត់គោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារ សារព័ត៍មានឲ្យដឹងនៅររសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះថា បន្ទាប់ពីមហាជនសម្តែងការហួសចិត្ត លើរូបភាពដែលត្រូវបានគយកមកបង្ហោះពីសកម្មភាពស្រ្តីម្នាក់ យកស្កុតរុំមាត់កូន មើលទៅដូចជាធ្វើទារុណកម្មមកលើកូនដោយគ្មានក្តីមេត្តា ស្រឡាញ់ អាណិត កូនខ្លួននោះទេ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ ត្រូវបាន មកធ្វើការសាកសួរនៅប៉ុស្តិ៍គោកឃ្លាង ទើបដឹងរឿងពិតថា ជាការយល់ច្រឡំទេ ហើយកូននោះទៀតជាកូនស្រី មិនមែនកូនប្រុសទេ។
លោកនាយប៉ុស្តិ៍គោកឃ្លាង បានបញ្ជាក់ទៀតថា ក្នុងវត្តមានទាំងគ្រួសារ រួមទាំងកូនស្រីម្នាក់នោះផងដែរ ស្រ្តីជាម្តាយបានរៀបរាប់ថា គាត់មានឈ្មោះ សុទ្ធ ធារី អាយុ២៨ឆ្នាំ មុខរបរ នៅផ្ទះ មានប្តីឈ្មោះ ឈឹម វីរៈ អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិតំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានកូនចំនួន២នាក់។
ស្រ្តីជាម្តាយរូបនេះ បានបន្តទៀតថា កាលពីអំឡុងជាង៦ខែមុន គ្រាដែលកូនស្រីគាត់អាយុទើប១ខួប នាងជាក្មេងរពឹស ខណៈក្រុមគ្រួសារ នៅជុំគ្នាទាំងអស់ ដោយលេងជាមួយកូន គាត់ក៏បាន យកស្កុតរុំមាត់ កូនស្រីពៅរបស់គាត់លេង មិនមែនកូនប្រុស ដូចអ្នកលេងបណ្តាញសង្គមឃើញរូប ហើយថានោះទេ ក្នុងចេតនា លេងជាមួយកូន នៅចំពោះមុខក្រុមគ្រួសារជុំគ្នាទាំងអស់ ហើយត្រូវបាន ប្អូនប្រុសបង្កើតឈ្មោះ សុទ្ធ មុន្នី អាយុ២៤ឆ្នាំ យកទូរស័ព្ទរបស់គាត់ មកថតលេង ហើយក៏មិនបានបង្ហោះហ្វេសប៊ុកទៅណាដែរ ក៏ប៉ុន្តែបានប្រមាណជាកន្លះខែក្រោយ ប្អូនប្រុសជាអ្នកថតរូបភាពនោះ ជួបគ្រោះថ្នាក់ចរាចរណ៍ របួសបោកក្បាលដល់សន្លប់ បាត់បង់ទាំងលុយកាក់ បាត់ទាំងទូរស័ព្ទ របស់គាត់នោះទៀតផង ទើបតែក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ ស្រាប់តែបែកធ្លាយ រូបដែលគាត់យកស្កុតរុំមាត់កូននោះ មកបង្ហោះលើបណ្តាញសង្គម ព្រោងព្រាត ថែមទាំងមានមតិរិះគន់ផង។
លុះរហូតមកដល់ព្រលប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ មន្ដ្រីនគរបាលប៉ុស្តិ៍ ចុះទៅតាមហៅដល់ផ្ទះ សួរនាំរូបភាពខាងលើ ទើបភ្ញាក់ខ្លួនព្រើត មិននឹកស្មានថា រូបភាពតាំងពីជាង៦ខែមុន ហើយក្រោយពីបាត់ទូរស័ព្ទ ទើបមកបែកធ្លាយពេលនេះ ។
ស្រដៀងគ្នានេះ ស្រ្តីជាម្តាយបង្កើតឈ្មោះ ហួន នឿន អាយុ៥៨ឆ្នាំ ដែលរស់នៅជាមួយគ្នា បានឲ្យដឹងថា ពេលដែលម្តាយលេងរុំស្កុតមាត់កូន ហើយត្រូវបាន កូនប្រុសគាត់ម្នាក់ទៀត ថតលេងនោះ គាត់និងក្រុមគ្រួសារ នៅជុំគ្នាទាំងអស់ ហើយសកម្មភាពលេងជាមួយកូននេះ មិនមែន ម្តាយធ្វើទារុណកម្មកូនទេ គាត់ហ៊ានអះអាងចំពោះមុខសមត្ថកិច្ច។
ដោយយល់ឃើញថា ទាំងក្រុមគ្រួសារ បានអះអាងនៅចំពោះមុខសមត្ថកិច្ច ហើយស្រ្តីជាម្តាយ ក៏បាន សម្តែងនូវការ សូមទោស ជាសាធារណៈ ទើបសមត្ថតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់ទង្វើនៃអំពើហិង្សា លើកុមារ មុនត្រូវបាន អនុញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមិនឲ្យកើតរឿងហិង្សា បែបនេះម្តងទៀតឡើយ៕