ភ្នំពេញ ៖ ក្រុមក្មេងទំនើងមានគ្នាជាង១០នាក់ ជិះម៉ូតូជិត១០គ្រឿងដេញកាប់យុវជន២នាក់ ទើបចេញមកពីញុំាអាហារជាមួយមិត្តភក្កិត្រឡប់ទៅផ្ទះវិញ តែត្រូវបានសមត្ថកិច្ចចេញមក ជួយអន្តរាគមន៍ ទាន់ឃាត់ខ្លួនបានជនសង្ស័យម្នាក់យកទៅសួរនាំនៅប៉ុស្តិ៍ជ្រោយចង្វា ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវមាត់ទន្លេ ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ។
ប្រភពពត៌មាននៅកន្លែងកើតហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះមួយក្រុមមានគ្នាប្រហែលជា៤ទៅ៥នាក់ បានអង្គុយផឹកស៊ីនៅមុខអូតែលសុខា ខណៈដែលជនរងគ្រោះផឹកស៊ីរួចរាល់ក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ហើយជនរងគ្រោះក៏ជិះម៉ូតូជាមួយមិត្តភក្តិម្នាក់ទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1U- 7503 បើកបរតាមបណ្តោយផ្លូវក្រោយអូតែលសុខា ប៉ុន្តែភ្លាមៗនោះដែរក៏មានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជា១០នាក់ ជិះម៉ូតូជិត១០គ្រឿង រួមទាំងមានកាំបិតបុ័ងតោនិងខ្សែក្រវ៉ាតដេញកាប់នឹងវ៉ៃ បណ្តាលឲ្យជនរងគ្រោះបើកម៉ូតូរត់ទៅឲ្យគេជួយ ហើយត្រូវបានជនសង្ស័យព្រួតវាយ២ទៅ៣ខ្សែក្រវាត់សំណាងល្អរងរបួសស្រាល ចំណែកឯម៉ូតូរបស់ជនរងគ្រោះវិញរងការខូចខាតបែកក្របាំងខាងស្តាំហើយត្រូវបានប្រជាពលរដ្ឋរួមនឹងសមត្ថកិច្ចចេញមកអន្តរាគមន៍ឃាត់ទាន់ពេលវេលានឹងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់យកទៅសួរនាំនៅប៉ុស្តិ៍ជ្រោយចង្វា ។
បន្ទាប់ពីកើតហេតុភាគីខាងជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេដោយមិនចង់ឲ្យមានរឿងរ៉ាវវែងឆ្ងាយច្រើន ៕ ជ្រោយពេជ្រ