កំពង់ធំ៖ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបន្តចុះពិនិត្យការងារបូមទឹកបញ្ចូលអាង សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តកំពង់ធំ ។
លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងនាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ថា សម្រាប់ខេត្តកំពង់ធំ បច្ចុប្បន្នក្រុមការងាររបស់យើងកំពុងអនុវត្តការងារប្រមូលទឹកបញ្ចូលអាង បឹងបួ និងព្រែកធម្មជាតិនានា នៅក្នុងស្រុកក្រុងចំនួន ០៤ រួមមាន ស្រុកស្ទោង សន្ទុក កំពង់ស្វាយ និងក្រុងស្ទឹងសែន ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុប ចំនួន ១៥ គ្រឿង និងម៉ាស៊ីនបូមទឹករបស់សហគមន៍ទំនប់ ដែលមាននៅកន្លែងស្រាប់ ជាង ១០០ គ្រឿងទៀត ។ លោកប្រធាននាយកដ្ឋាន បានបន្តថា ជាលទ្ធផល មកដល់ពេលនេះ អាងភ្លិចទឹកមួយចំនួនធំ ត្រូវបានក្រុមការងាររបស់យើងបូមទឹកបំពេញបានជាបន្តបន្ទាប់ ហើយប្រជាកសិករក៏កំពុងទាញយកទឹកពីបណ្តាអាងទាំងនោះ មកធ្វើការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងរបស់ពួកគាត់ជាបណ្តើរៗផងដែរ ។ចំណែកលោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ក៏បានប្រាប់ឱ្យដឹងដែរថា មកដល់ពេលនេះ ប្រជាកសិករក្នុងខេត្តកំពង់ធំ អនុវត្តការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង បានចំនួន ១១.៩៥០ ហិកតា ស្មើនឹង ៣៣,១៩ ភាគរយ នៃផែនការដែលបានដាក់ចុះ ខណៈប្រមូលផលដំណាំស្រូវរដូវវស្សា បានចំនួន ៣៥.៧៣២ ហិកតា ស្មើនឹង ១៦,៧៤ភាគរយ នៃផ្ទៃដីអនុវត្តបាន ។
លោកបន្តថា ទន្ទឹមនឹងការងារបូមទឹកបញ្ចូលអាង បឹងបួរ និងព្រែកធម្មជាតិ ក្រុមការងារមន្ទីរបស់លោក ក៏កំពុងចុះពិនិត្យជាប់ជាប្រចាំនូវការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ និងត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការងារអន្តរាគមន៍សង្គ្រោះ ក្នុងករណីជួបនូវកង្វះខាតទឹក ៕