ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២១ ខែតុលា នេះជនដៃដល់ដែលសម្លាប់ក្មេងស្រីបងប្អូនបង្កើត២នាក់ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានហើយ បន្ទាប់ពីការសួរនាំរយៈពេល២ថ្ងៃ។
ជនសង្ស័យឈ្មោះ ឆុំ ពយ រស់នៅក្នុងភូមឃុំ ជាមួយក្មេងស្រីរងគ្រោះ។ ចំណែកជនរងគ្រោះទាំងពីរ ទី១៖ឈ្មោះ អ.ល.ណ អាយុ១៤ឆ្នាំ និងទី២៖ឈ្មោះ អ.ធ.ត អាយុ៧ឆ្នាំ។ អ្វីដែលកាន់តែគួរឲ្យអាសូរនោះ ឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះផ្តើមឡើងដោយការចាប់រំលោភក្មេងស្រីជាបង តែខណៈនោះក្មេងស្រីជាប្អូនបានឃើញ និងស្រែក ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ។
សូមបញ្ជាក់ថា ករណីនេះឪពុកមា និងម្តាយមីង របស់ក្មេងស្រីរងគ្រោះ មិនពាក់ព័ន្ធនោះទេ។
គួររំឭកថា ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតកចិត្តខ្មៅគ្មានក្ដីមេត្ដាសម្លាប់រួចញាត់ចូលក្នុងកេស ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ជាធម្មតាក្មេងស្រីទាំងពីរ ជារៀងរាល់ព្រឹកតែងតែទៅផ្ទះរបស់គាត់ ហូបបាយហូបទឹក និងយកគោទៅចងឲ្យស៊ីស្មៅជាធម្មតា ចំឡែកតែព្រឹកថ្ងៃកើតហេតុ មិនបានឃើញក្មេងស្រីទាំងពីរនោក់នោះ សាច់ញាតិក៏បាននំាគ្នា ដើររកគ្រប់ទីកន្លែងតែរកមិនឃើញ។ រហូតដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ ពូរបស់ជនរងគ្រោះបានឡើងលើផ្ទះជនរងគ្រោះ និងបានបើកកេសមើល ក៏ប្រទះឃើញសពក្មេងស្រីទាំងពីរដេកស្លាប់នៅក្នុងកេសនោះ ទើបពូជនរងគ្រោះលើកចេញពីក្នុងកេសមកដាក់នៅក្រៅ និងបានប្តឹងដល់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុតែម្តង៕nkd