ភ្នំពេញ៖ កិច្ចប្រជុំកំពូលបច្ចេកវិទ្យាកម្ពុជា បានបញ្ចប់កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨ នេះ ដោយមានការចូលរួមពីវារគ្មិនអន្តរជាតិ អាជីវកម្មបង្កើតថ្មីក្នុងស្រុក ដែលមានសក្ដានុពលនានា និងបានបង្ហាញឲ្យឃើញពីកាលានុវត្តន៍ភាពសម្រាប់ប្រព័ន្ធអាជីវកម្មបច្ចេកវិទ្យា ដែលកំពុងមានសន្ទុះខ្លាំងនៅក្នុងប្រទេសកម្ពុជា។
ដោយមានការរៀបចំដោយក្រុមហ៊ុន Smart Axiata និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) និងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងមូលនធិកសាងសមត្ថភាព និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRDF) កិច្ចប្រជុំកំពូលបច្ចេកវិទ្យាកម្ពុជា ត្រូវបានរៀបចំជាលើកដំបូងហើយក្នុងប្រទេសកម្ពុជា។
លោក ថូម៉ាស ហ៊ុន អគ្គនាយកក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Smart Axiata គឺជាកម្លាំងចលករនៅពីក្រោយវិស័យបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា។ យើងមានក្ដីរំភើបក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍នានាដូចជាកម្មវិធីនេះជាដើម ដែលបាននាំយកគំនិតផ្ដួចផ្ដើមរបស់យើងទាំងអស់មកបង្ហាញក្នុងពេលតែមួយនៅចុងសប្ដាហ៍នេះ។ ក្នុងនោះ ក៏មានវារគ្មិនអន្តរជាតិល្បីៗមកពីក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា ដែលចូលរួមនៅក្នុងវគ្គពិភាក្សា Smart TechTalks របស់យើង និងកម្មវិធីប្រកួតអាជីវកម្មថ្មីអន្តរជាតិ – Seedstars ដែលពិតជាបានលើកកម្ពស់សមត្ថភាព និងកាលានុវត្តន៍ភាពសម្រាប់ប្រព័ន្ធអាជីវកម្មថ្មីក្នុងស្រុករបស់យើង”។
វារគ្មិនអន្តរជាតិនានាមកពីក្រុមហ៊ុន Google, Facebook, Leaderonomics, Huawei, Transcosmos និង Digital Ventures បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលរួមជាច្រើនក្នុងកម្មវិធីនាព្រឹកថ្ងៃអាទិត្យ ខណៈដែលនៅពេលរសៀលវិញ វគ្គពិភាក្សាពិសេស ដែលមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនGoogle, Seedstars និង Smart Axiata បានពិភាក្សាលើប្រធានបទនានាផ្ដោតលើ “ការប្រើប្រាស់ថាមពលនៃនវានុវត្តន៍បច្ចេកវិទ្យាដើម្បីកម្ពុជា”។
ក្រៅពីការសង្ខេបលើរបាយការណ៍ស្ដីពីអាជីវកម្មថ្មីនៅកម្ពុជា ដែលនឹងចេញផ្សាយនាពេលខាងមុខ ដែលបង្ហាញដោយក្រុមហ៊ុន Raintree និង Mekong Strategic Partners ក៏មានអាជីវកម្មថ្មី កម្ពុជាចំនួន 10 បានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍រយៈពេល 3 ថ្ងៃរបស់ Seedstars ដើម្បីធ្វើបទបង្ហាញអំពីអាជីវកម្មរបស់ខ្លួន ដល់គណៈកម្មការ ដែលសមាសភាពបុគ្គលល្បីៗក្នុងវិស័យអាជីវកម្មថ្មីលំដាប់អន្តរជាតិ ដូចជាលោក Feiruz Ikhwan ជា CFO ក្រុមហ៊ុនSmart Axiata លោក Pahrada Sapprasert ប្រធាន 500 Tuk Tuks លោក គឹម បូរ៉ា ដៃគូក្រុមហ៊ុន Mekong Strategic Parnters លោក Gabriela Fernandez ប្រធានប្រចាំតំបន់អាស៊ីរបស់ Seedstars លោកស្រី Zoe Ng សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Raintree និងបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថាន NIPTICT។
បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថាន NIPTICT បានមានប្រសាសន៍ថា៖ “ក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ យើងបានសង្កេតឃើញមានព្រឹត្តិការណ៍ផ្នែកអាជីវកម្មថ្មី និងបច្ចេកវិទ្យាជាច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ កិច្ចប្រជុំកំពូលផ្នែកបច្ចេកវិទ្យានេះគឺជាព្រឹត្តិការណ៍ថ្មីសម្រាប់យើងទាំងអស់គ្នា ស្របពេលដែលយើងកំពុងអភិវឌ្ឍខ្លួនដើម្បីឆ្ពោះទៅរកការសម្រេចបានយុគសម័យកម្ពុជាឌីជីថល។ ខ្
ញុំមានមោទនភាពក្រៃលែងចំពោះមនុស្សគ្រប់គ្នាដែលបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើង។ ខ្ញុំមានជំនឿចិត្តថា បើទោះបីជាវិស័យបច្ចេកវិទ្យារបស់កម្ពុជាមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងដូចបណ្ដាប្រទេសផ្សេងទៀតក្តី ប៉ុន្តែ យើងទាំងអស់គ្នាសុទ្ធតែបានមើលឃើញពីទេព្យកោសល្យ សេចក្តីតាំងចិត្ត និងសមត្ថភាពរបស់មនុស្សគ្រប់គ្នា”៕ ដោយ វឌ្ឍនា