ស្ថានទូតអាមេរិកឧបត្ថម្ភពិធីបុណ្យតន្រ្តីអន្តរជាតិលើកទី១៥ ក្រោមប្រធានបទ “តន្រ្តី និងចំណាកស្រុក”

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ រួមជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយនិងស្ថានទូតអាល្លឺម៉ង់ មានកិត្តិយសក្នុង​ការឧបត្ថម្ភការរៀបចំ បុណ្យតន្រ្តីអន្តរជាតិលើកទី ១៥ ក្រោមប្រធានបទ “តន្រ្តី និងចំណាកស្រុក” ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៨។

កម្មវិធីនៅឆ្នាំ​នេះប្រព្រឹត្តទៅចាប់​ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា នៅសណ្ឋាគារ Raffles Hotel – Le Royal ដោយ ពិធីបើកការប្រគំតន្រ្តីនេះ នឹងប្រារព្ធធ្វើនាថ្ងៃទី ១ វិច្ឆិកា វេលាម៉ោង ៧​ យប់។ ពិធីបុណ្យនេះ ប្រព្រឹត្តទៅស្របគ្នានឹងការអបអរខួបកំណើតលើកទី ១០០ ​របស់អ្នកនិពន្ធ និងជាអ្នកដឹកនាំភ្លេងដ៏ល្បីរបស់អាមេរិក នៅសតវត្សទី ២០ គឺលោក Leonard Bernstein ។

លោកឯកអគ្គរដ្ឋទូត William Heidt មានប្រសាសន៍ថា ប្រធានបទ​នៃបុណ្យតន្រ្តី​នេះ សក្តិសមណាស់ទៅនឹងប្រវត្តិរបស់លោក Bernstein និងការរួមចំណែករបស់គាត់ ចំពោះវប្បធម៌អាមេរិក ក្នុងនាមជាជនអន្តោប្រវេសន៍ម្នាក់។ លោក Bernstein, George Gershwin និងតន្រ្តីករដទៃទៀតដែលមានឈ្មោះនៅក្នុងពិធីបុណ្យនេះ បានចាកចេញពីប្រទេសរបស់គេ ដើម្បីកសាងជីវិតថ្មីមួយ និងស្វែងរកឱកាសថ្មីៗ។​ ជនអន្តោប្រវេសន៍​ បានរួមចំណែកយ៉ាងច្រើន​ដល់ប្រពៃណីផ្នែកសិល្បៈរបស់ប្រទេសអាមេរិក ដោយទាញយកប្រយោជន៍ពីប្រពៃណីរបស់គេផ្ទាល់ និងសង្គមនៅប្រទេសអាមេរិក ដែលមានគំនិតច្នៃប្រឌិតថ្មី និងមានភាពរស់រវើក ដើម្បីបង្កើតស្នាដៃ ដែលល្បីបំផុត ផ្នែកតន្រ្តី នៅជុំវិញពិភពលោក។

លោកឯកអគ្គរដ្ឋទូត ថ្លែងថា ៖ «ការប្រគំតន្រ្តីនេះគឺជាឱកាសដ៏អស្ចារ្យមួយ ដើម្បី​បង្ហាញការរួម​ចំណែកទាំងឡាយ ដែល​ពលរដ្ឋអាមេរិកមានដើមកំណើតនៅបរទេស បានផ្តល់។ ខ្ញុំសង្ឃឹមថា លោកអ្នករីករាយនឹងការ​សម្តែងដ៏ល្អដែលត្រូវបានរៀបចំឡើងដោយនាយករៀបចំពិធីបុណ្យ ​Anton Isselhardt និងក្រុមរបស់លោក»។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌នៃ​ប្រទេស​កម្ពុជា បានមានប្រសាសន៍ថា ក្នុងចំណោមអ្នកសិល្បៈ  អ្នកនិពន្ធឈ្មោះ អ៊ុង ជិនណារី មានដើមកំណើតនៅខេត្តតាកែវ គឺជាអ្នកនិព​ន្ធដ៏មានជោគជ័យ ហើយត្រូវបាន​សាទរជាអន្តរជាតិ ជាមួយ​នឹង​ពានរង្វាន់ល្បីៗ​ជាច្រើន រួមជាមួយនឹងបណ្ឌិត សំ សំអាង អ្នកសិក្សាស្រាវជ្រាវផ្នែកភ្លេងទាក់ទងនឹងវប្បធម៌ ដែលបានធ្វើការនៅក្នុងសហរដ្ឋអាមេរិក និងនៅកម្ពុជា ដើម្បីធ្វើការអភិរក្ស និងបំផុស​សិល្បៈសម្តែងរបស់ខ្មែរ។

លោកជំទាវរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ៖ «ខ្ញុំសង្ឃឹមថា លោកអ្នកនឹងរីករាយជាមួយនឹងភាពស្មុគស្មាញ និងភាពសម្បូរបែប​​នៃតន្រ្តី ដែលត្រូវបានបង្កើតឡើងនៅក្រោមកាលៈទេសៈផ្សេងៗ​នៃការធ្វើអន្តោប្រវេសន៍ ហើយដឹងថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសរួមចំណែក​ចំពោះការអភិវឌ្ឍបែប​នេះ»៕

ចំពោះព័ត៌មានបន្ថែម សូមអាន www.musicfestival-phnompenh.org

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print