ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលសម្រាប់មហាជនក្រោយពីផលិតករ និងសិល្បករចេញសារព្រោងព្រាតប្រតិកម្មជុំវិញការមិនផ្តល់តម្លៃសម្រាប់ភាពយន្តខ្មែរពីសំណាក់រោងភាពយន្តក្នុងស្រុក។ ការប្រតិកម្មនេះគឺកើតមានឡើងក្រោយពីចាងហ្វាងផលិតកម្មRED Picture ទម្លាយរឿងរោងភាពយន្តចង់ផ្លាស់ប្តូរថ្ងៃចាក់បញ្ចាំងរឿង”បិសាចគំនូរ”របស់ខ្លួនដាក់បញ្ចាំងភាពយន្តថៃជំនួសវិញ។
តាមការគ្រោងទុករឿង”បិសាចគំនូរ” របស់ផលិតកម្មRED Picture គ្រោងនឹងចាក់បញ្ចាំងលើកដំបូងចាប់ពីថ្ងៃទី០១ខែវិច្ឆិកានេះ ដោយមានទាំងការផ្សព្វផ្សាយ ចែកលិខិតអញ្ជើញសិល្បករ និងភ្ញៀវចូលរួមសម្ពោធផងដែរ ប៉ុន្តែស្រាប់តែលេចចេញបាតុភាពមួយដែលធ្វើឲ្យផលិតករ និងសិល្បករស្រងាកចិត្ត។
តារាសម្តែងស្រីល្បីឈ្មោះអ្នកនាង សារ៉ាយ សក្កណា លើកឡើងថា “និយាយទៅហួសចិត្ត នេះគេហៅថាខ្មែរមិនឲ្យតម្លៃខ្មែរដែលម៉ោងបញ្ចាំងរឿងខ្មែរដែលបានផ្សព្វផ្សាយរួចរាល់ហើយ ហើយយកម៉ោងទៅបញ្ចាំងរឿងថៃវិញ”។ នាងចាត់ទុកថាជាការមើលងាយកុនខ្មែរមួយផងដែរ។
ថ្លែងស្រដៀងគ្នានេះដែរ តារាសម្តែងក្នុងភាពយន្តរឿង”បិសាចគំនូរ” លោក លឹមជាឡាយលើកឡើងថា លឺហើយហួសចិត្តក្រោយលឺដំណឹងនេះ ពោលគឺធ្វើឲ្យអ្នកគាំទ្រខកចិត្ត និងអស់សង្ឃឹម។ លោកចោទសួរសំណួរថាតើឲ្យផលិតករមានកម្លាំងចិត្តយ៉ាងម៉េចកើត?។
អ្នកនាងសុខ សោម៉ាវត្តី បានថ្លែងស្រដៀងគ្នាដែរថា ផលិតកម្មខិតខំផ្សព្វផ្សាយដល់អ្នកគាំទ្រថានឹងចាក់បញ្ចាំងនៅថ្ងៃទី១ខែវិច្ឆិកានេះហើយបែជាត្រូវរោងកុនឲ្យលើកថ្ងៃបញ្ចាំងទៅវិញក្រោមមូលហេតុយកថ្ងៃចាក់រឿងថៃវិញ ហើយនេះគឺជាការមើលងាយភាពយន្តខ្មែរមួយ។
អ្នកដឹកនាំសម្តែង លោក ម៉ានុត រាជ បានបញ្ជាក់ជុំវិញបញ្ហានេះដែរថា រោងភាពយន្តគួរមានហេតុផលណាសមរម្ភជាងនេះ ជៀសវាងការផ្ទុះប្រតិកម្មជាច្រើនបន្តពីសិល្បករ។ លោកថា ជាការមើលងាយស្នាដៃដែលផលិតដោយផលិតករក្នុងស្រុកមួយយ៉ាងច្បាស់។
ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថារោងភាពយន្តក្នុងស្រុកមួយណាទេដែលចង់ឲ្យមានការផ្លាស់ប្តូពេលបញ្ចាំងភាពយន្តខាងលើ ហើយគេនៅមិនទាន់ដឹងនៅឡើយទេថាតើដំណើរនៃការចាក់បញ្ចាំងភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្មRED Picture មួយនេះ នឹងមានការប្រែប្រួលដែរឬយ៉ាងណាខណៈដែលចាងហ្វាងផលិតកម្មស្នើសុំឲ្យរឿងខ្មែរដ៏កម្សត់មួយនេះនឹងអាចសុំបញ្ចាំងក្បែរគេផងចុះ៕ ដោយ វឌ្ឍនា