ប្រធានាធិបតីចិន លោក ស៊ីជីងពីង បានចេញបញ្ជាឲ្យកម្លាំងទាហានជើងទឹក តាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួលនៅសមុទ្រចិនភាគខាងត្បូង និងកោះតៃវ៉ាន់ ក៏ដូចជាត្រៀមលក្ខណៈ ដើម្បីធ្វើសង្គ្រាម ។
ការបញ្ជាខាងលើរបស់ប្រធានាធិបតីចិនកើតឡើង ក្រោយពេលមានការប្រឈមមុខតានតឹងដាក់គ្នា រវាងចិននឹងអាមេរិក ដោយសារតែបញ្ហា ពាណិជ្ជកម្ម ក៏ដូចជា សកម្មភាពគ្រប់គ្រងឥទ្ធិលពល របស់ចិន នៅលើពិភពលោក ។ កន្លងមក ប្រធានាធិបតីអាមេរិកធ្លាប់បានប្រកាសថា ចិនមានសេរីភាពនៅក្នុងការផលិតអាវុធ ចំណែកអាមេរិកត្រូវចងជាប់ដោយសារតែ សន្ធិសញ្ញាអាវុធបរមាណូជាមួយរុស្ស៊ី និងបង្កើនការផលិតអាវុធ ។ សកម្មភាពទាំងនោះ នឹងធ្វើឲ្យមានការប្រកួតប្រជេងអាវុធសារជាថ្មី ។
ប្រធានាធិបតីចិនបានប្រកាសតាមកញ្ចក់ទូរទស្សន៍ CCTV ថា «ពិតជាការចាំបាច់ដើម្បីបង្កើន ភារកិច្ច និងផ្តោតការយកចិត្តទុកដាក់ ដល់សកម្មភាពត្រៀមលក្ខណៈ សម្រាប់សង្គ្រាម » ប្រធានាធិបតីចិនបញ្ជាក់ទៀតថា «យើងត្រូវបង្កើនសកម្មភាពធ្វើសមយុទ្ធ ស្តីពីការត្រៀមលក្ខណៈធ្វើសង្គ្រាម ដើម្បីឲ្យកម្លាំងទាហានមានស្មារតីត្រៀមប្រយុទ្ធខ្ពស់» ។
កម្លាំងទាហានភូមិភាគខាងត្បូង ទទួលខុសត្រូវនៅក្នុងការតាមដានសកម្មភាពនៅសមុទ្រចិនភាគខាងត្បូង ដែលជាតំបន់សមុទ្រ «ក្តៅ» បំផុតនៅលើពិភពលោក ។ សមុទ្រចិនខាងត្បូង គឺជាតំបន់ដែលកំពុងតែមានវិវាទ រវាងចិន និងប្រទេសក្នុងតំបន់ ។ កន្លងមកចិនត្រូវបានប្រទេសជិតខាងចាត់ទុកថា បានធ្វើសកម្មភាពដើម្បីគ្រប់គ្រងសមុទ្រចិនខាងត្បូង ទាំងស្រុង ដោយបង្កើតកោះសិប្បនិមិត្ត ដើម្បីយោធា ។
សកម្មភាពដែល បង្កឲ្យមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូង ក្រោយពេលចិន បានដាក់ពង្រាយ កម្លាំងមីស៊ីល ប្រឆាំងនាវា ចម្បាំង ប្រឆាំងយន្តហោះ និងប្រព័ន្ធអេឡិចត្រូនិច្ច បំផ្លាញរលក់ធាតុអាកាស ទៀតផង ។ សកម្មភាព ខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ប្រទេសជិតខាងពិសេសគឺអាមេរិក ទាំងនោះហើយ ទើបអាមេរិកបង្កើតវត្តមាន យោធា ដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន ។
ក្រៅពីនេះ បញ្ហាកោះតែវ៉ាន កំពុងតែតានតឹង ខ្លាំងឡើង ។ រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Wei Fenghe បានព្រមានថា តៃវ៉ាន់ គឺស្ថិតនៅក្នុងដែនអធិបតេយ្យ របស់ចិន អាចកាត់ផ្តាច់បានឡើយ ហើយបើមានអ្នកណាម្នាក់ព្យាយាម កាត់ផ្តាច់កោះតៃវាន់ចេញពី ចិននោះ កម្លាំងទាហានចិន នឹងធ្វើសកម្មភាព វាយប្រហារ ។ ចិន និងកោះ តែវ៉ាន់ ត្រូវបានកាត់ផ្តាច់កាលពីឆ្នាំ ១៩៤៩ ក្រោយសង្គ្រាមស៊ីវិល ហើយចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំង បានប្តេជ្ញាថា នឹងឯកភាពជាតិ ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាស ព្រមានថា នឹងប្រើប្រាស់កម្លាំងយោធាវាយប្រហារ ប្រសិនបើតៃវ៉ាន់ ហ៊ានប្រកាសឯករាជ្យចេញពីចិនដីគោកនោះ ៕ ម៉ែវ សាធី