កូនប្រុសច្បងសពលោក សុិន សុង ធ្វើសន្និសិទ្ធកាសែត ប្រកាសសុំជួបចរចាជាមួយអគ្គនាយកធនាគារកាណាឌីយ៉ាសងបំណុល៦លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅទីតាំងភូមិគ្រឹះរបស់អតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំនាន់រដ្ឋកម្ពុជាដែលគេដឹងថាជាផ្ទះ និង ដីរបស់លោក សុិន សុង ហើយបច្ចុប្បន្នកូនប្រុសច្បងរបស់លោកបានស្នាក់នៅជាមួយនឹងក្រុមគ្រួសារ តែមានវិវាទប្តឹងផ្តល់ជា មួយនឹងធនាគារកាណាឌីយ៉ា ដោយម្តាយរបស់លោក សុិន វិសាល ជំពាក់បំណុលរបស់ធនាគារ។

លោក សុិន វិសាល កូនប្រុសច្បងរបស់អតីតថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជំនាន់សម័យរដ្ឋកម្ពុជាបានធ្វើសន្និសីទកាសែតសុំការសណ្តោសប្រណី និងក្តីអាសូរពីអគ្គនាយកធនាគារកាណាឌីយ៉ាដែលមានលោកពូ ពុង ឃាវសែ ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត មេត្តាយោគយល់ដោយក្តីអនុគ្រោះ និងសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំចំពោះករណីខាងលើនេះ។

នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅជុំវិញភូមិគ្រឹះរបស់អតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(លោក សុិន សុង) គេបានអង្កេតឃើញថា មានបងប្អូនសាច់ញាតិ និងកូនខ្មួយដែលគោរពស្រលាញ់លោក សុិន សុខ កាលពីលោកនៅរស់ នាំគ្នាមកឈរត្រៀបត្រានៅនឹងចិញ្ចើមផ្លូវ ខ្លះបានកាន់បាដា និងពាក្យស្លោកជាច្រើនផ្ទាំងដើម្បីសុំឲ្យប្រមុខរាជរដ្ឋាភិបាលមេត្តាអនុគ្រោះ និងជួយអន្តរាគមន៍ចំពោះរឿងក្តីរវាងម្តាយលោក សុិន វិសាល ដែលបានជំពាក់បំណុលធនាគារកាណាឌីយ៉ានោះ។

លោក សុិន វិសាល កូនប្រុសច្បងរបស់អតីតអនុរដ្ឋមន្ត្រីក្សួងមហាផ្ទៃ (សុិន សុង) បានលើកម្រាមដៃសំពះ និងអង្វរដល់លោកអគ្គនាយកធនាគារកាណាឌីយ៉ា មេត្តាសណ្តោសប្រណីដល់គ្រួសាររបស់លោក ហើយបំណុលដែលម្តាយជំពាក់ លោកសុំសងជំនួសក្នុងនាមជាកូនចំនួន៦លានដុល្លារ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក សុិន វិសាល ជាកូនប្រុសរបស់អតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម័យរដ្ឋកម្ពុជាបានឲ្យដឹងទៀតថា ចំពោះបំណុលទាំងនោះដែលម្តាយរបស់ខ្លួនបានយកលិខិតស្នាមមួយចំនួនទៅបញ្ចាំនៅធនាគារ តែលោកបានព្យាយាមសម្របសម្រួលសុំក្តីអនុគ្រោះពីអគ្គនាយកធនាគារជាម្តងទៅពីរដង រហូតដល់អគ្គនាយករងទទួលបន្ទុកបានជួបប្រាស្រ័យទាក់ទងដើម្បីដោះស្រាយបញ្ហាខាងលើនេះ តែជាលទ្ធផលលោកហាក់បីដូចជាគេមិនយកចិត្តទុកដាក់ ឈានរហូតដល់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធអនុវត្តគៀបសង្កត់រឹបអូស ដីដែលជាទីកន្លែងបញ្ចុះសាកសពរបស់ឪពុកគាត់ សូម្បីតែរូបលោកផ្ទាល់ក៏គេមិនអនុញ្ញាតឲ្យចូលផងដែរ។

ចំពោះរឿងរាវខាងលើនេះ គេបានដឹងច្រើនគ្នាណាស់មកហើយ រួចក៏អូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ តែលទ្ធ ផលកូនប្រុសរបស់អតីតអនុរដ្ឋមន្ត្រី សុិន សុង លោកសុំតែភាពយុត្តិធម៌ និងចុងក្រោយក៏សូមសំណូមពរដល់លោកពូអគ្គនាយកធនាគារកាណាឌីយ៉ា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ជួយអនុគ្រោះ និងសម្របសម្រួលដល់រូបលោក (សុិន វិសាល) ។

បច្ចុប្បន្នភូមិគ្រឹះដែលលោករស់នៅជាមួយប្រពន្ធ និងកូនស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននេះ ជា​កេរ្តចុងក្រោយដែលឪពុករបស់លោកបានដាច់ខ្យល់ស្លាប់នៅទីនោះ ហើយបច្ចុប្បន្នធនាគារមានបំណងរឹបអូសយកទៅឡៃឡុងដែលអចលនទ្រព្យជាច្រើនបន្សល់ទុកពីឪពុករបស់លោកត្រូវបានបាត់បង់ស្ទើរទាំងអស់។

លោក សុិន វិសាល បានសំណូមពរយ៉ាងទទូចដល់អគ្គនាយកធនាគារកាណាឌីយ៉ា សូមលោកពូមេត្តាអធ្យា ស្រ័យ ក៏ដូចជាក្តីអនុគ្រោះក្មួយសុំសងបំណុលម្តាយដែលជំពាក់ត្រឹមតែ៦លានដុល្លារបណ្ណោះបានហើយ កុំបន្តទៅមុខទៀត ៕ អារុណរះ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print