លោក វីរោធ ប៉ៅអីុន ត្រូវបានគណបក្សបោះឆ្នោតឲ្យធ្វើជាប្រធានបក្សភឿថៃជាផ្លូវការ

ចែករំលែក៖

គណបក្សប្រឆំាង ដែលជារបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន និង យីងឡាក់ ស៊ីណាវ៉ាត្រា ពេលនេះបានបោះ ឆ្នោតជ្រើសតាំងមេបក្សថ្មីដោយគ្មានជាប់ពាក់ព័ន្ធខ្សែស្រឡាយ ត្រកូលស៊ីណាវ៉ាត្រាឡើយ ក្នុងគោលដៅបញ្ចៀសការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងអតីត នាយករដ្ឋមន្ត្រីទាំងពីររូបដែលកំពុងរស់នៅបរទេស។

កាលពីថ្ងៃអាទិត្យមុននេះគណបក្សប្រឆាំងធំជាងគេនៅប្រទេសថៃ បានបោះឆ្នោតជ្រើសរើសប្រធានបក្សថ្មី ដើម្បីត្រៀមចូលរួមនៅក្នុងការបោះឆ្នោតសភា ដែលរបបសឹកបានប្រកាសគម្រោងរៀបចំនៅចុងខែកុម្ភៈ ឆ្នាំក្រោយ។ ការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនបក្សភឿថៃ ធ្វើឡើងនៅក្រោយគណបក្សប្រឆាំងមួយនេះ រងការ គំរាម រំលាយចោល ពីខាងគណៈកម្មាធិការរៀបចំការបោះឆ្នោតក្នុងករណីគេរកឃើញថា គណបក្សនៅមានជាប់ពាក់ព័ន្ធជាមួយលោកថាក់ស៊ីន ហើយនិងលោកស្រីយីង ឡាក់ ដែលកំពុងរស់នៅនិរទេសខ្លួននៅ បរទេស។

គណបក្សភឿថៃ ដែលធ្លាប់គាំទ្រអតីតនាយករដ្ឋមន្រ្តីថៃ ត្រកូលស៊ីណាវ៉ាទ បានសម្រេចបោះឆ្នោតជ្រើសរើសប្រធានបក្ស ដែលគ្មានជាប់សាច់ញាតិទាល់តែសោះ នឹងគ្រួសាររបស់លោកថាក់ស៊ីន ។ ដឹកនាំ គណបក្សភឿថៃចាប់តាំងពីរដ្ឋប្រហារនៅឆ្នាំ២០១៤ លោកវីរោធ ប៉ៅអីុន ត្រូវបាន គណបក្សបោះឆ្នោតឲ្យធ្វើជាប្រធានបក្ស ផ្លូវការសម្រាប់ការបោះឆ្នោតសភា នៅ ឆ្នាំក្រោយ។ លោកវីរោធ ប៉ៅអីុន ក្លាយជា ប្រធានបក្ស ប៉ុន្តែ មិនប្រាកដថា នឹងក្លាយជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្រ្តីនោះទេ។ តាមលោកស្រី សុដារ៉ាត់ កេយូរ៉ា ផាន់ អ្នកនាំពាក្យ និងជាប្រធានគណៈកម្មាធិការយុទ្ធសាស្រ្តរបស់គណបក្សភឿថៃបានឲ្យដឹងថា ពីពេលនេះរហូតដល់ដើមឆ្នាំ ក្រោយគណបក្សនឹងចុះពង្រឹងតាមមូលដ្ឋាន ស្វែងរកមតិគាំទ្រ មុនសម្រេចជ្រើសរើសបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្រ្តី។

គណបក្សភឿថៃ បានសម្រេចបោះឆ្នោតជ្រើសរើសប្រធានបក្សនៅពេលនេះ ដើម្បីត្រៀមចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំក្រោយផង និងបញ្ជាក់ច្បាស់ថា គណបក្សគ្មានបានរងឥទ្ធិពលពីខាងគ្រួសាររបស់លោកថាក់ស៊ីននោះទេ។ថ្មីៗនេះ មានការចុះផ្សាយពីខាងកាសែតក្នុងស្រុកថៃ ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបានគំរាមរំលាយចោលគណបក្សភឿថៃ ដែលគេសង្ស័យថាបានរំលោភច្បាប់បោះឆ្នោតតាមរយៈការបើកឱកាសឲ្យមនុស្សខាងក្រៅ (លោក ថាក់ស៊ីន) ជាអ្នកមានសិទ្ធិសម្រេច លើខ្សែបន្ទាត់នយោបាយរបស់​គណ​បក្ស។

សម្រាប់អ្នកតាមដាននយោបាយ​ប្រទេសថៃ គេនៅមិនទាន់ច្បាស់ទេថា គណបក្សភឿថៃ នឹងអាចឈ្នះឆ្នោតដោយគ្មានការជួយគាំទ្រពីខាងត្រកូលស៊ីណា វ៉ាត្រា។ គ្រួសាររបស់លោកមហាសេដ្ឋី ថាក់ស៊ីន ដែលទទួលបានការគាំទ្រពីប្រជាជននៅតាមទីជនបទ តែងតែឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាលតាំង ពីឆ្នាំ ២០០១។ ប្អូនស្រីរបស់លោក ថាក់ស៊ីនគឺលោកស្រីយីងឡាក់ ទើបតែរត់គេចទៅនិរទេសខ្លួននៅបរទេសនៅក្រោយក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០១៤។

ថ្មីៗនេះ លោកប្រាយុទ្ធ ចាន់អូចា ដែល បានធ្វើរដ្ឋប្រហារ ដឹកនាំរដ្ឋាភិបាលសឹកថៃ ៤ឆ្នាំមកហើយ និងបន្ទាប់ពីប្រកាសលើកពេលបោះឆ្នោតជាច្រើនសា ទើបបាន ប្រកាសរៀបចំការបោះឆ្នោតសភានៅឆ្នាំក្រោយ ។ របបសឹកថៃបានលើកបម្រាម មួយផ្នែក ដើម្បីអនុញ្ញាតឲ្យគណបក្ស នយោបាយអាចដំណើរការឡើងវិញ ដើម្បីត្រៀមចូលរួម ក្នុងការបោះឆ្នោត នៅចុងខែកុម្ភៈឆ្នាំក្រោយ។

លោកប្រាយុទ្ធ ចាន់អូចា វិញ ក៏កំពុង ត្រួសត្រាយផ្លូវ ដើម្បីចូលរួមនៅក្នុងការ បោះឆ្នោតជ្រើសរើសរដ្ឋាភិបាលស៊ីវិលដែរ។ ការបង្កើតគណនីហ្វេសប៊ុកផ្ទាល់ ខ្លួនរបស់លោកចាន់អូចាជាភស្តុតាង ស្រាប់។ ម្យ៉ាងទៀតមន្រ្តីសំខាន់ៗ៤រូបរបស់ លោកកាលពីចុងខែកញ្ញា បានចេញទៅ បង្កើតគណបក្សថ្មី មួយឈ្មោះថា ប៉ាឡង់ ប្រាចារ៉ាត់ ដែលគេជឿថា នឹងបោះឆ្នោត ជ្រើសរើសលោកប្រាយុទ្ធ ចាន់អូចា ឲ្យធ្វើ ជាបេក្ខជននាយករដ្ឋមន្រ្តី តំណាងគណ បក្ស។ នៅក្នុងបទសម្ភាសន៍កន្លងទៅ លោកប្រាយុទ្ធ ចាន់អូចា មិនបានលាក់ លៀមទេថា លោកចង់នៅបន្ត ស្ថិតនៅក្នុង រដ្ឋាភិបាល ដើម្បីឲ្យប្រាកដក្នុងចិត្តថា ខ្សែបន្ទាត់នយោបាយ ដែលលោកបាន កំណត់ ត្រូវបានអនុវត្តទាំងស្រុង៕ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print