សម្ពាធកាន់តែខ្លាំងទៅលើរដ្ឋាភិបាលអូស្ត្រាលីពាក់ព័ន្ធនឹងជនភៀសខ្លួន

ចែករំលែក៖

នាយករដ្ឋមន្ត្រីថ្មី អូស្ត្រាលី បានអនុវត្តគោលនយោបាយតឹងតែងបំផុតទៅលើក្រុមជនភៀសខ្លួនធ្វើឲ្យពលរដ្ឋ មិនពេញចិត្តទៅលើគោលនយោបាយដឹកនាំរបស់នាយករដ្ឋមន្ត្រី Scott Morrison ដែលទើប តែឡើងដឹកនាំអូស្ត្រាលី កាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៨។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ អូស្ត្រាលីប្រឈមនឹងវិបត្តិនយោបាយយ៉ាងខ្លាំង ដោយក្នុងរយៈពេល ១០ឆ្នាំ មានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីរហូតដល់ទៅ៦ រូប ។ នាយករដ្ឋមន្ត្រីចុងក្រោយនេះ ក៏កំពុងរងការប្រឆាំងពីពលរដ្ឋនិងបណ្តាគណបក្សប្រឆាំងពាក់ព័ន្ធជុំវិញគោលនយោបាយ អន្តោប្រវេសន៍ ។

សម្ពាធសាធារណជន កំពុងមានការកើនឡើងខ្លាំងទៅលើរដ្ឋាភិបាលអូស្រ្តាលី ដែលមានគោលនយោបាយតឹងតែងបំផុត ទាក់ទងនឹងជនភៀសខ្លួន។ ជាក់ស្តែង ពលរដ្ឋអូស្ត្រាលី មិនពេញចិត្តការដែលរដ្ឋាភិបាលអូស្ត្រាលីលើកឡើងពីការភ័យខ្លាចថា ការទទួលយកជនភៀសខ្លួនក្នុងរូបភាពណាមួយ វាគឺជាការជំរុញទឹកចិត្តឲ្យមានការភៀសខ្លួនកាន់តែច្រើនឡើងទៀត។

ក្រោមគោលនយោបាយយ៉ាងតឹងរ៉ឹង មួយ ប្រទេសអូស្ត្រាលីមិនងាយនឹងផ្តល់ សិទ្ធិជ្រកកោនដល់ជនភៀសខ្លួនឡើយ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលអូស្ត្រាលី កាល ពីពាក់កណ្តាលឆ្នាំ២០១៣ ថែមទាំងបានបញ្ជូនក្រុមជនភៀសខ្លួនទៅជំរំ Nauru នៅឯតំបន់ប៉ាស៊ីហ្វិក ដើម្បីរារាំងពួកគេមិនឱ្យបោះទីលំនៅ នៅប្រទេសអូស្ត្រាលីបាន ទៀតផង។

ក៏ប៉ុន្តែការរិះគន់ទាំងក្នុងនិងក្រៅ ប្រទេស បានកើនឡើងទៅលើរដ្ឋាភិបាល អូស្ត្រាលី នៅពេលដែលរដ្ឋាភិបាលទីក្រុងកង់បេរ៉ានិយាយថា គោលនយោបាយ របស់ខ្លួន ធ្វើឡើងគឺដើម្បីរារាំងកុំឲ្យមាន អ្នកស្វែងរកសិទ្ធិជ្រកកោន ធ្វើដំណើរមក អូស្ត្រាលី ដោយការជិះទូកតាមសមុទ្របន្តកើនឡើងទៀត។ ជាពិសេសមជ្ឈដ្ឋាន ជាតិ-អន្តរជាតិ កាន់តែមានប្រតិកម្មខ្លាំង ឡើងៗ នៅពេលដែលមានរបាយការណ៍ អំពីការរំលោភបំពាន ការធ្វើអត្តឃាតបាន កើតឡើងនៅទីជំរំ Nauruជាទីដែលជនភៀសខ្លួនភាគច្រើនកំពុងស្នាក់នៅ ។

ដោយសារតែហេតុផលខាង លើនេះ ដែរ ទើបប្រជាជនអូស្ត្រាលីរាប់ពាន់នាក់ កាលពីថ្ងៃសៅរ៍ទី២៧ ខែតុលា បានមក ប្រមូលផ្ដុំគ្នានៅទីក្រុងស៊ីដនី និងមែលប៊ន ក្នុងបំណងប្រឆាំងនឹងគោលនយោបាយ ជនភៀសខ្លួនរបស់រដ្ឋាភិបាលអូស្ត្រាលី។

គួរកត់សម្គាល់ថា មុនពេលមានការបោះឆ្នោតសភាដ៏សំខាន់មួយនៅទីក្រុង ស៊ីដនី នាខែតុលានេះ លោកនាយករដ្ឋមន្ត្រី ស្កត់ ម៉ូរីសុន ហាក់ដូចជាមានឆន្ទៈក្នុងការអនុញ្ញាតឱ្យជនភៀសខ្លួនមួយចំនួនធ្វើ ដំណើរទៅកាន់ប្រទេសនូវែលហ្សេឡង់ ដែលមាននិន្នាការទទួលយកជនភៀសខ្លួនពី អូស្ត្រាលី។ ក៏ប៉ុន្តែ ដោយក្រោយមកគណបក្សកាន់អំណាចរបស់លោកក៏បានចាប់ផ្តើមបាត់បង់ប្រជាប្រិយភាព ទើបលោក ម៉ូរីសុន លែងចង់បញ្ជូនជនភៀសខ្លួនទៅ នូវែលហ្សេឡង់ ហើយថាការធ្វើបែបនេះ គឺជាការជំរុញទឹកចិត្តឲ្យមានការភៀសខ្លួន បន្ថែមទៀត ៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print