ជនជាតិ​វៀតណាមសម្រុក​ចូលមកនេសាទ​​នៅក្នុងស្រុកអង្គរបុរី និងបុរីជលសា គ្រាដែលត្រីត្រូវខ្លាំង

ចែករំលែក៖

ខេត្តតាកែវ៖ គ្មានទេការបង្ក្រាប​​របស់មន្ត្រីមានសមត្ថកិច្ច​ចំពោះជនជាតិវៀតណាម ដែលចូលមកនេសាទ​នៅក្នុង​ស្រុក​បុរីជលសា និងស្រុកអង្គរបុរី ខេត្តតាកែវ ។ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ គេរាយការណ៍ថា បណ្តាអ្នកនេសាទជនជាតិវៀតណាម​កាន់តែច្រើនបានសម្រុកចូលមកនេសាទក្នុងទឹកដីខ្មែរ ដោយបានបង់ប្រាក់​ឲ្យមន្ត្រីជំនាញទៅតាមទំហំនៃបទល្មើសជលផល ។ ប្រធានមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ធ្លាប់បាន​អះអាងថា កម្លាំងមន្ត្រីជលផលក្រោមឱវាទរបស់លោក ខិតខំខ្លាំងណាស់ដែរ ប៉ុន្តែ​ហាក់ដូចជាមិនគ្រប់គ្រាន់ ។

ប្រភពរាយការណ៍ថា បទល្មើសដែលកំពុងកើតឡើង​នៅក្នុងដែនទឹកស្រុកបុរីជលសា និងស្រុកអង្គរបុរី មានជនជាតិវៀតណាមកាន់តែច្រើនក្នុងមួយថ្ងៃៗ ចូលមកធ្វើសកម្មភាពនេសាទជាចំហរ ។ ពួកគេចូលមកតាមទូក​ពេល​ព្រឹក និងត្រឡប់ទៅវិញពេលល្ងាច ។ បណ្តាអ្នកនេសាទវៀតណាមទាំងនោះ​មានប័ណ្ណ ចេញ ចូលត្រឹមត្រូវ ដែលអនុញ្ញាតដោយមន្ត្រីជំនាញនៅខេត្តតាកែវ ។ ប័ណ្ណពណ៌លឿងមួយសន្លឹកត្រូវបានគេចេញ​ឲ្យជាសម្គាល់សម្រាប់​ជន​ជាតិវៀតណាម​ក្នុងការចូលមកនេសាទ ក្នុងដែនដីខ្មែរ ។ ក្រៅពីការចូលមកពេលព្រឹក ចេញពេលល្ងាច ក៏មានបណ្តាជនវៀតណាម​ចូលមកស្នាក់នៅជាប្រចាំដើម្បីនេសាទ​ដែលមានទ្រង់ទ្រាយធំ ដូចជាការដាក់ដាយ អួនសៃយ៉ឺន និងរបាំងព្រួលជាដើម ។

បទល្មើសនេសាទនៅស្រុកអង្គរបុរី ក្រៅពីបណ្តាជនជាតិវៀតណាម ក៏មានបុរសជនជាតិខ្មែរឥស្លាមម្នាក់ឈ្មោះ ខុម ដែលមានលំនៅឋាន​នៅឃុំកំពង់យោល ស្រុកបុរីជលសា ក៏មានអ្នកមានអំណាចក្នុងការប្រព្រឹត្តបទល្មើសនេសាទ​នៅ​ក្នុងស្រុកអង្គរបុរីនេះដែរ ។ របាំង​ស្បៃមុង អួនសៃយ៉ឺន លាតសន្ធឹងក្នុងឡូត៍លេខ១៧ និងលេខ១៨ រាប់សិបគីឡូម៉ែត្រ​ជា​របស់ឈ្មួញឈ្មោះ ខុម បន្ទាប់ពីគេបានបង់ប្រាក់ឲ្យមន្ត្រីរដ្ឋបាលជលផលខ្ទង់ម៉ឺនដុល្លាររួចមក ។ មន្ត្រីជលផលមូលដ្ឋាន​នៅស្រុកអង្គរបុរី ខេត្តតាកែវ​អះអាងថា មុនដំបូងឡើយ ពួកមន្ត្រីជលផលថ្នាក់ក្រោមបម្រុងនឹងស៊ីដាច់លោក ញឹប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវដែរ ប៉ុន្តែដោយរឿងនេះ​ត្រូវបែកធ្លាយ ពួកមន្ត្រីជលផល ក៏ចែក​រំលែកឲ្យលោកប្រធានមន្ទីរខ្លះៗទៅ ។

លោកញឹប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ អះអាងថា លោកមិនពាក់ព័ន្ធបញ្ហានឹង​ការអនុញ្ញាតឲ្យបណ្តាជនជាតិវៀតណាមចូលមកនេសាទក្នុងដែនដីខ្មែរនៃស្រុក​អង្គរបុរី និងបុរីជលសានោះឡើយ ។ មិនតែប៉ុណ្ណោះ លោកគឺជាអ្នកដែលខិតខំពង្រឹង​និង​ជំរុញការបង្ក្រាបបទល្មើស​ឲ្យកាន់តែខ្លាំងក្លាថែមទៀត ។ ប៉ុន្តែមន្ត្រីរដ្ឋបាលជលផល​នៅស្រុកអង្គរបុរីអះអាងថា បន្ទាប់ពីបែកធ្លាយ​បញ្ហាបណ្តាជនជាតិវៀតណាមបង់ប្រាក់​ឲ្យមន្ត្រីជលផល ដើម្បីបានចូលនេសាទល្មើសច្បាប់នោះ ពួកមន្ត្រី​ថ្នាក់ដឹកនាំ​នៅខេត្ត​ក៏បានចែករំលែក លាភសក្ការ​ជូន​លោកប្រធានមន្ទីរ​នោះដែរ ។

ទំហំបទល្មើសនេសាទ​នៅ​ស្រុកអង្គរបុរី និងស្រុកបុរីជលសាធំធេងណាស់ ។ មិនមែនត្រឹមតែស្ថាប័នជំនាញខាងកសិកម្ម ប៉ុណ្ណោះទេ ដែលទទួលបានប្រយោជន៍ សូម្បីតែថ្នាក់ដឹកនាំខេត្ត និងស្ថាប័នផ្សេងទៀត ក៏បណ្តាមេឈ្មួញវៀតណាម​ចំណាយ​ប្រាក់រាប់ម៉ឺនដុល្លារបិទមាត់ដែរ ។ ជាក់ស្តែងបទល្មើសនេសាទគគ្រឹកគគ្រេង ស្ថិតនៅក្នុងស្រុកទាំងពីរខាងលើនេះ​គេមិនដែលឃើញលោក អ៊ូច ភា អភិបាលខេត្តតាកែវ​បញ្ចេញប្រតិកម្មម្តងណាឡើយ ។ ពួកឈ្មួញវៀតណាម​បានដើរបោះលុយឲ្យស្ថាប័នពាក់ព័ន្ធ និងស្ថាប័នជំនាញអស់ហើយ​នៅក្នុងខេត្តតាកែវ ។ ក្នុងរឿងនេះ អ្នកដែលរងគ្រោះពិតប្រាកដគឺប្រជាពលរដ្ឋម្ចាស់ស្រុក ដែលត្រូវពួក​អ្នកជំនាញ​បិទសិទ្ធិហាមឃាត់​ក្នុងការចូល​នេសាទ​ដោយ​ផ្តល់លទ្ធភាពសម្រាប់តែ​ជនជាតិវៀតណាមចូលនេសាទប៉ុណ្ណោះ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print