លោក ត្រាំ ៖ ប្រសិនបើក្រុមជនភៀសខ្លួននៅព្រំដែនគប់ដុំថ្មទៅលើទាហាននឹងរងការបាញ់ប្រហារ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកបានចាត់ទុកថា ក្បួនក្រុមជនភៀសខ្លួនសំដៅចូលទឹកដីអាមេរិក គឺជាការ«ឈ្លានពាន» ហើយក្រុម ជនល្មើស ក្រុមភេរវកម្មបានបន្លំខ្លួននៅក្នុងហ្វូងមនុស្សភៀសខ្លួនទាំងនោះ។ លោក ត្រាំ បញ្ជាក់ទៀតថា «ក្រុមជនភៀសខ្លួន ខុសច្បាប់គ្មានសិទ្ធិចូលទឹកដីអាមេរិកឡើយ។ ពួកគេចាំបាច់ត្រូវតែវិលត្រឡប់ទៅវិញ កុំចំណាយពេលអត់ប្រយោជន៍»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា កម្លាំងទាហានការពារព្រំ ដែនអាចនឹងផ្ទុះអាវុធទៅលើក្រុមជនភៀស ខ្លួន ដែលបង្កឲ្យមានអំពើហិង្សាដោយគប់ដុំថ្មទៅលើកម្លាំងសន្តិសុខព្រំដែន។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានកាលពីថ្ងៃទី១ ខែវិច្ឆិកា ប្រធានា ធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា លោក សង្ឃឹមថា កម្លាំងទាហានអាមេរិក នឹងមិន ប្រើប្រាស់កាំភ្លើង ដើម្បីទប់ទលនឹងក្រុម ជនភៀសខ្លួនឡើយ។ ប៉ុន្តែលោកព្រមាន ថា ប្រសិនបើក្រុមជនភៀសខ្លួនមានសកម្មភាពគប់ដុំថ្មទៅលើកម្លាំងទាហាននោះ កម្លាំងទាហាននឹងមិនលើកលែងឲ្យឡើយ។ លោក ត្រាំ បញ្ជាក់ទៀតថា ក្រុមជនភៀសខ្លួនគប់ដុំថ្មទៅលើកម្លាំងទាហាន គឺមិន ខុសអ្វីពីការបាញ់ប្រហារទៅលើទាហាននោះឡើយ។

លោកត្រាំបន្តទៀតថា «នោះជាកម្លាំង ទាហាន។ ខ្ញុំសង្ឃឹមថា បើទោះបីអ្នកណាគប់ដុំថ្មទៅលើកម្លាំងទាហានដូចដែល បានធ្វើនៅក្នុងប្រទេសមិចស៊ីកូ បណ្តាល ឲ្យប៉ូលិសទាហានជាច្រើន រងរបួសនោះ យើងនឹងចាត់ទុកថា នោះជាអាវុធវាយ ប្រហារ ហើយទាហានមានសិទ្ធិតបតវិញ។

កន្លងមក មានការប៉ះទង្គិចគ្នានៅពេលដែលក្រុមជនភៀសខ្លួនដំបូងបង្អស់ចូល ដល់ទឹកដីម៉ិចស៊ីកូដោយខុសច្បាប់ ហើយបានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសនៅព្រំដែនម៉ិចស៊ីកូ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា មានជនភៀសខ្លួនម្នាក់ស្លាប់ក្រោយត្រូវគ្រាប់កាំភ្លើងកៅស៊ូចំក្បាល និងមនុស្សរាប់ សិបនាក់រងរបួស។ រដ្ឋាភិបាលម៉ិចស៊ីកូក៏បានដាក់ពង្រាយកម្លាំងទាហាននៅតាមព្រំដែន ព្រមទាំងឧទ្ធម្ភាគចក្រ នាវា ដើម្បីទប់ស្កាត់ជនភៀសខ្លួនចូលកាន់តែច្រើន។

កន្លងមកថ្មីៗ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អាមេរិក នឹងបង្កើនចំនួនទ័ពទៅកាន់តំបន់ព្រំដែនអាមេរិក-ម៉ិចស៊ីកូឲ្យដល់ ១៥.០០០ នាក់ ដើម្បីទប់ស្កាត់មិនឲ្យជនភៀសខ្លួន មកពីបណ្ដាប្រទេសអាមេរិកកណ្ដាល ចូល ក្នុងទឹកដីអាមេរិក។

ថ្លែងនៅឯសេតវិមាននៅថ្ងៃពុធសប្ដាហ៍ នេះ មុននឹងធ្វើដំណើរទៅកាន់រដ្ឋផ្លរីដា លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាង ដូច្នេះថា «យើងអាចនឹងបង្កើនចំនួនកង ទ័ពរហូតដល់ ១៥.០០០នាក់ ទៅកាន់ តំបន់ព្រំដែន ដើម្បីទប់ស្កាតលំហូរជន ភៀសខ្លួន… ព្រំដែនរបស់យើងគឺជាកន្លែងដ៏ពិសិដ្ឋ ដូច្នេះសូមអញ្ជើញចូលមកដោយស្របច្បាប់»។

គួរជម្រាបថា កាលពីដើមសប្ដាហ៍កន្លង ទៅ មន្ទីរបញ្ចកោណបានប្រកាសថា អាមេរិកកំពុងបញ្ជូនកងទ័ព ៥.២០០នាក់ ទៅកាន់តំបន់ព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដើម្បីទប់ស្កាត់មិនឲ្យជនភៀសខ្លួនមកពី បណ្ដាប្រទេសអាមេរិកកណ្ដាលចូលមកកាន់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែគេមិន ទាន់ដឹងឲ្យប្រាកដថា ចំនួនកងទ័ពនេះ គឺរួម ឬក៏មិនរួមបញ្ចូលក្នុងចំនួនកងទ័ព ១៥.០០០នាក់ ឬយ៉ាងណានោះទេ ខណៈចំនួនកងទ័ពនេះត្រូវបានដាក់ពង្រាយមែននោះ វានឹងមានចំនួនច្រើនជាងកងទ័ព អាមេរិក ដែលកំពុងឈរជើងនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្នទៅទៀត៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print