​Al-Ahram៖ ការដាក់ទណ្ឌកម្មប្រឆាំងអុីរ៉ង់របស់អាមេរិកនឹងបរាជ័យឆាប់ៗនេះ

ចែករំលែក៖

សារព័ត៌មាន Al-Ahram របស់អេហ្សុីប ដែលជាសារព័ត៌មាន តែងតែចុះផ្សាយនូវអត្ថបទស្តីពីសង្គ្រាមចិត្តសាស្ត្រប្រឆំាង អុីរ៉ង់របស់អាមេរិកបានបញ្ជាក់ថា រាល់ការដាក់ទណ្ឌកម្មរបស់អាមេរិកនឹងបរាជ័យ ចំណែកអុីរ៉ង និងសម្ពន្ធមិត្តជាអ្នកឈ្នះ។

ការលើកឡើងខាងលើ នៅក្នុងអត្ថបទចុះផ្សាយដែលមានចំណងជើងថា «បរាជ័យនៃការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអុីរ៉ង់»។ នៅក្នុងអត្ថបទរបស់សារព័ត៌ មាន Al Ahram បានបញ្ជាក់យ៉ាងច្បាស់ថា «ការដាក់ទណ្ឌកម្មជុំទីពីរ របស់អាមេរិក ចំពោះអុីរ៉ង់ គឺផ្ទុយពីអ្វីដែលអាមេរិកបានប្តេជ្ញានាពេលកន្លងមកថា នឹងយកឈ្នះ ទាំងស្រុងទៅលើអុីរ៉ង់។ កន្លងមកទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមិនចង់ធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាសម្ពន្ធមិត្តឡើយ។ ទីក្រុងវ៉ាស៊ីនតោនបានយល់ យ៉ាងច្បាស់ ថាប្រទេសជិតខាងមួយចំនួនមិនអាចផ្អាកទិញប្រេងពីអុីរ៉ង់នោះឡើយ»។

សារព័ត៌មានខាងលើបានបញ្ជាក់ថា លោក Bolton បានដឹងជាមុន ដោយបើកផ្លូវដល់ប្រទេសជាសម្ពន្ធមិត្ត ក្រោយមិន អាចបញ្ចុះបញ្ចូលប្រទេសទាំងនោះឈប់ ទិញប្រេងពីអុីរ៉ង់តាមច្បាប់ដាក់ទណ្ឌកម្ម របស់អាមេរិក។ ការណ៍ដែលមានប្រទេសសម្ពន្ធមិត្តអាមេរិកបន្តទិញប្រេងពីអុីរ៉ង់នោះមានន័យថា អាមេរិកបានបរាជ័យ ចំពោះការដាក់ទណ្ឌកម្មទៅលើវិស័យ ប្រេងរបស់អុីរ៉ង់។

នៅក្នុងការដាក់ទណ្ឌកម្មទៅលើអុីរ៉ង់ អាមេរិកបានលើកលែងដល់ប្រទេសចំនួន៨ជាសម្ពន្ធមិត្តសំខាន់ៗ ក្នុងនោះមាន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង… ដែលអាច បន្តទិញប្រេងពីប្រទេសអុីរ៉ង់។ ការណ៍ ដែលប្រទេសសំខាន់នៅតែបន្តទិញប្រេងមានន័យថា ទីផ្សារប្រេងរបស់អុីរ៉ងនៅតែ ដំណើរការធម្មតា ហើយទណ្ឌកម្មមិនធ្វើឲ្យប៉ះពាល់ធំដុំឡើយ។

កន្លងមកថ្មីៗ មន្ត្រីការបរទេសអុីរ៉ង់ បានលើកឡើងថា អុីរ៉ង់គ្មានអ្វីត្រូវព្រួយ បារម្ភ ព្រោះសហរដ្ឋអាមេរិកគ្មានឥទ្ធិពលគ្រប់គ្រាន់ ដើម្បីដាក់សម្ពាធប្រទេសណា ទៀតឡើយ។ អ្នកនាំពាក្យក្រសួងការ បរទេសអុីរ៉ង់ លោក បារ៉ាម ហ្គាស្សេមី (Bahram Qassemi) បានលើកឡើង ថា កន្លងមកនេះ ទីក្រុងវ៉ាសុីនតោនបាន ប្រើគ្រប់វិធីសាស្រ្តរាប់មិនអស់ប្រឆាំងនឹង ប្រទេសអុីរ៉ង់ រួមមានទាំងការចាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីដាក់សម្ពាធ លើធនាគារ ក្រុមហ៊ុន និងស្ថាប័នអន្តរជាតិ ក្នុងគោលបំណងរារាំងមិនឲ្យមានការទាក់ទងមុខជំនួញជាមួយអុីរ៉ង់ ប៉ុន្តែលោកបាន បញ្ជាក់ថា ទីក្រុងតេអេរ៉ង់គ្មានអ្វីត្រូវព្រួយបារម្ភឡើយ ព្រោះតែទីក្រុងវ៉ាសុីនតោនហាក់ដូចជាគ្មានសមត្ថភាពដាក់សម្ពាធលើប្រទេសណាទៀតនោះទេ។

លោក Qassemi បាននិយាយយ៉ាង ដូច្នេះថា «អត់មានរឿងអ្វីត្រូវបារម្ភនោះទេ យើងគួរតែរង់ចាំមើលភាពបរាជ័យរបស់អាមេរិក ដែលនឹងមិនអាចអនុវត្តវិធានការណាមួយប្រឆាំងនឹងប្រជាជាតិអុីរ៉ង់ដ៏អស្ចារ្យ និងអង់អាចបានឡើយ។ និយាយរួមទៅ អាមេរិកដូចជាលែងមានសមត្ថភាពទៀតហើយ ក្នុងការគាបសង្កត់ប្រទេស ក៏ដូចជាស្ថាប័នអន្តរជាតិឲ្យធ្វើតាមអ្វីដែលខ្លួនចង់បាននោះ»។

គួរជម្រាបថា នៅដើមសប្តាហ៍ក្រោយ ទណ្ឌកម្មធ្ងន់ៗទាំងប៉ុន្មានដែលអាមេរិក បានដកចេញនៅក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នឹងចូលជាធរមាន ឡើងវិញ ដោយវានឹងប៉ះពាល់ដល់វិស័យសំខាន់ៗនៃប្រទេសអុីរ៉ង់ រួមមានទាំង វិស័យនាំចេញប្រេងជាដើម។ ទោះបីជា មានការប្រកាសដាក់ទណ្ឌកម្ម លើការនាំ ចេញប្រេងអុីរ៉ង់ក៏ដោយ តែកន្លងមកនេះ ប្រទេសមួយចំនួនដូចជាឥណ្ឌា កូរ៉េខាង ត្បូង និងជប៉ុនជាដើម នៅតែប្រកាន់ជំហរ រកស៊ីប្រេងជាមួយអុីរ៉ង់ដដែល ដោយ សង្ឃឹមថានឹងអាចទទួលបានការលើក លែងពីអាមេរិក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print