ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទដៃមួយគ្រឿងពីនារី២នាក់បងប្អូនត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវ៦៦៤ ខាងក្រោយវិទ្យាល័យជាស៉ីមសាមគ្គី ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនសង្ស័យ មានឈ្មោះ លី វ៉ាន់ណាត អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ ទឹក ថ្លា ខណ្ឌ សែន សុខ ។
បើតាមសម្តីបងស្រីរបស់នារីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់និងប្អូនស្រីរបស់គាត់ដែលជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពាក់ស្លាកលេខ ភ្នំពេញ 1GM-6551 ទើប តែជិះ ចេញ មកពីហូបភីហ្សានៅខាងមុខវិទ្យាល័យជាស៊ីម សាមគ្គី ហើយបំណងជិះត្រឡប់ទៅផ្ទះ វិញ ដែលនៅក្បែរ នឹង កន្លែង កើត ហេតុ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៦៤ ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យរួមទាំងបក្ខពួក ជិះម៉ូតូ មួយ គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរី ០១៨ មិន ចាំ ស្លាក លេខមកពីក្រោយបាន ធ្វើ សកម្មភាព ឆក់ ទូរសព្ទ ដៃ មួយ គ្រឿង ម៉ាក iphone 6+ ពីជនរងគ្រោះជាប្អូនស្រី បានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន ។
ភ្លាមៗ នោះ ជនរងគ្រោះ ក៏ស្រែកឆោឡោ បង្កឲ្យជន សង្ស័យភ័យ ក៏ជិះម៉ូតូ ទៅ ប៉ះ និង រថយន្តមិនចាំម៉ាកមួយគ្រឿង បណ្តាលឲ្យ ម៉ូតូ របស់ ជនសង្ស័យ ដួល ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍នៅក្បែរនោះបានចេញមកជួយចាប់បានជន សង្ស័យដែល ជាអ្នកអង្គុយខាងក្រោយ ហើយក៏ត្រូវប្រជាពលរដ្ឋ ស្វាគមន៍ ម្នាក់មួយដៃមួយជើងបណ្តាលឲ្យហើមមុខ រួចក៏ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅសួរនាំ ចំណែក បក្ខពួក ម្នាក់ ទៀត បាន លើកម៉ូតូ ជិះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបាន សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល រដ្ឋ បាល បឹងសាឡាង សាកសួរនាំនិងកសាង សំណុំរឿង បញ្ជូន ខ្លួន ទៅ អធិការ ដ្ឋាន នគរបាល ខណ្ឌ ទួលគោក រង់ចាំ ចាត់ ការ ទៅ តាមនីតិវិធី ៕ ជ្រោយពេជ្រ