ភ្នំពេញ៖ មុខសញ្ញាចោរកម្មលួច សម្ភារៈសំណង់និងម៉ូតូចំនួន៣នាក់ក្នុងចំណោម៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅចាប់ខ្លួនជាបន្តបន្ទាប់ ដកហូតបានសម្ភារៈ សម្រាប់បំតើការក្នុងការដ្ឋានសំណង់ជាច្រើនមុខដែលក្រុមជនសង្ស័យយកទៅលក់អោយកម្មករសំណង់នៅការដ្ឋានបុរី ។
ករណីចាប់មុខសញ្ញាលួច ម៉ូតូនិងសម្ភារៈសម្រាប់ធ្វើសំណង់នេះបានធ្វើឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំនុច ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យទាំង៣នាក់ មាន,១-ឈ្មោះ លី សុធារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ,២-ឈ្មោះសុខ ភារុណ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះគឹម សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅបន្ទប់ជួលជាមួយគ្នា នៅ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះជាម្ចាស់និងជា ម្ចាស់ផ្ទះកំពុងសាងសង់ហើយត្រូវក្រុមជនសង្ស័យលួចយកសម្ភារៈក្នុងការដ្ឋានសំណងរបស់ខ្លួននេះមានឈ្មោះជ័យ សោភា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ម៉ូតូដែលក្រុមជនសង្ស័យ លួចយកទៅបាត់ម៉ាក យ៉ាម៉ាហា វីណូ ពាក់ស្លាកលេខ ភ្នំពេញ 1DD-0323 ចំណែកសម្ភារៈសម្រាប់បំរើការងារសំណង់ ដូចជាទុយោជ័រចំនួន៣ដុំ និងសម្ភារៈមួយចំនួនទៀតត្រូវសមត្ថកិច្ចប្រមូលពីកម្មសំណង់ផ្សេងទៀតយកទុកជាវត្ថុតាងដែលក្រុមជនសង្ស័យលួចយកទៅលក់ ។
លោកគិត សុផល មេបញ្ជា ការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបានអោយដឹងថា បន្ទាប់ពីទទួលពាក្យ បណ្តឹងពីស្ត្រីរងគ្រោះកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងរបស់លោក បានធ្វើការស្រាវជ្រាវរកមុខសញ្ញាចោរកម្ម ។ ជាលទ្ធផលនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចចាប់មុខសញ្ញាសង្ស័យបានម្នាក់ ហើយបន្តការ ស្រាវជ្រាវចាប់បានបក្ខពួកវា២នាក់ទៀតនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ និង ស្រាវជ្រាវរកឃើញសម្ភារៈសម្រាប់ធ្វើសំណង់មួយចំនន។ ដោយឡែកបក្ខពួកវា២នាក់ទៀតរត់គេចខ្លួនបាត់តែស្គាល់អត្តសញ្ញាណហើយ ។ ក្នុងការចាប់ខ្លួនជនសង្ស័យទាំ៣នាក់នេះដកហូតបានសម្ភារៈសម្រាប់ធ្វើសំណង់មួយចំនួនដែលជនសង្ស័យយកទៅលក់អោយកម្មករសំណង់នៅក្នុងការដ្ឋានបុរីប៉េង ហួត ចំពោះម៉ូតូរបស់ស្ត្រីរងគ្រោះរកមិនទាន់ឃើញទេ ។
លោកមេបញ្ជាការបានបន្ត ថា ឥឡូវនេះកំពុងស្រាវជ្រាវ រក បក្ខពួកក្រុមជនសង្ស័យ និងម៉ូតូរបស់ជនរងគ្រោះ ។ បច្ចុប្បន្នជនសង្ស័យទាំ៣នាក់កំពុងបន្តការសាកសួរនិងកសាងសំណុំរឿងទៅតុលាការ ហើយក្រុមជនសង្ស័យទាំង៥នាក់ ចាប់ខ្លួនបាន៣នាក់ រត់គេចខ្លួន២នាក់នេះ គឺជាមុខសញ្ញាដែលសមត្ថកិច្ចតាមដានយូរមកហើយទើបតែចាប់ខ្លួនបាននៅពេលនេះ ៕
ដោយ៖ សណ្តោស