ខេត្តរតនគិរីៈ ប្រជាពលរដ្ឋចំនួន១៦០នាក់បានក្អូតចង្អោរគ្រប់ៗគ្នាខណៈដែលពួកគាត់បានចូលរួមក្នុងពិធីបុណ្យសពសង្សយ័អាចពុលចំណីអាហារក្នុងពិធីនោះ។
ហេតុការណ៍ពុលចំណីអាហារក្នុងពិធីបុណ្យសពនេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍១កើតខែកត្តិក ឆ្នាំចសំរឹទ្ធិ ស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ក្នុងភូមិល្អើនក្រែន ឃុំអូរជុំ ស្រុកអូរជុំ។
លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតគិរីបានឱ្យដឹងតាមទូរស័ព្ទថាបន្ទាប់ពីកើតហេតុភ្លាមក៏បានបញ្ជូនក្រុមគ្រូពេទ្យចុះទៅទីតាំងនោះដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ។
លោកបន្តថាមូលហេតុក្អូតចង្អោរនេះគឺបណ្តាលមកពីពួកគាត់បរិភោគចំណីអាហារមិនមានអនាម័យល្អ។ តែករណីនេះមិនមានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយនោះទេ។
បើគិតមកដល់ម៉ោង៤ល្ងាចថ្ងៃដដែលនេះស្ថានភាពរបស់ពួកគាត់បានធូរស្រាលវិញហើយដោយមានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះពិនិត្យព្យាបាល និងធ្វើការតាមដានសុខភាពជូនពួកគាត់រហូតដល់ពួកគាត់បានជាសះស្បើយឡើងវិញផងដែរ ៕ ដោយ ជីវន្ត