ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹស្រា បើករថយន្តស៊េរីទំនើបមួយគ្រឿង បុករះរថយន្ត៣គ្រឿង ដែលចតស្ងៀមនៅមុខខារ៉ាអូនខេនិងផ្ទះសំណាក់បណ្តាលឲ្យរងការខូចខាត រួចចង់បើករត់ ត្រូវបានប្រជាពលរដ្ឋនិងម្ចាស់រថយន្តរងគ្រោះឃាត់បានអ្នកបើករថយន្តបង្កចុះមកស្រែកឡូឡា ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោងជាង១១យប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពពត៌មានពីប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តឡិចស៊ីស LX៥៧០ ពណ៌ត្រីអ៊ី មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 01-29905 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើត បានរេចង្កូតទៅបុករថយន្ត
ម៉ាកសឺដេសមួយគ្រឿងមិនចាំស្លាកលេខ ម្ចាស់ចតស្ងៀមមុខខារ៉ាអូខេ បណ្តាលឲ្យរងការខូចខាតតិចតួចរួចម្ចាស់រថយន្តបង្កបានសម្របសម្រួលគ្នាចេញសំណងចំនួន៥០ដើម្បីបញ្ចប់រឿង។ បន្ទាប់មកម្ចាស់រថយន្តបានបើកបន្ត ទៅបុករថយន្ត២គ្រឿងទៀតម្ចាស់ចតនៅមុខផ្ទះសំណាក់ចិន តុងបណ្តាលឲ្យរថយន្ត មួយគ្រឿង ម៉ាកកាមរីហាយព្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1909 ខូចខាតផ្នែកខាងក្រោយ និងមួយគ្រឿងទៀតម៉ាកតូយ៉ូតាវីហ្គូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-0111 ខូចខាតផ្នែកខាងក្រោយតិចតួច ហើយរថយន្តបង្កចង់បើករត់តែត្រូវបានប្រជាពលរដ្ឋ និងម្ចាស់រថយន្តរងគ្រោះឃើញហេតុការនេះបាននាំគ្នាឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចភ្លាមៗ។
បន្ទាប់មក ម្ចាស់រថយន្តបង្កបានស្រែកឡូឡានិងបានប្រើសម្ដីអសុរស ទៅលើសមត្ថកិច្ចក៏ដូចម្ចាស់រថយន្តរងគ្រោះដោយបាននិយាយថាអស់ប៉ុន្មានអញចេញសង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប្រគល់ខ្លួនម្ចាស់រថយន្តទៅឲ្យសមត្ថកិច្ចជំនាញយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ