ព្រះមហាក្សត្រ​ អំពាវនាវ​ឱ្យ​ប្រជាជន​ថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដីយើងឱ្យកាន់តែ​អភិវឌ្ឍ​រីកចម្រើនទៅមុខទៀត​ !

ចែករំលែក៖

ភ្នំពេញ​៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មាន​ព្រះ​រាជ​បន្ទូល​ អំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ចូលរួមថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី និងធ្វើឱ្យប្រទេសជាតិយើងកាន់តែអភិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ទៀត​ ។

មាន​ព្រះ​រាជ​បន្ទូល​ ក្នុងពេលយាងចូលរួមនៅក្នុងទិវារំលឹកខួបឯករាជ្យជាតិទី៦៥នៃបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ​ នៅ​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ ព្រះមហាក្សត្រ​ មាន​ព្រះ​រាជ​បន្ទូល​ បន្តថា​ ពេលនេះគឺជាឱកាសដ៏មានតម្លៃបំផុតនៃមាតុភូមិយើងដែលបានទទួលនូវឯករាជ្យបរិបូណ៌ និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគមបារាំងក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិជាទីដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះអង្គក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយនិងជូនសម្ដេច ព្រះអង្គម្ចាស់ លោក​ លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ដែលកន្លងទៅថ្មីៗនេះបានប្រារព្ធពិធីយ៉ាងមហោឡារិកបំផុតថ្វាយចំពោះការគោរពវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះបរមរតនកោដ្ឋជាទីដ៏ខ្ពង់ខ្ពស់បំផុតដែលមានរយៈកាលគម្រប់ខួប៦ឆ្នាំនៃការយាងសោយទីវង្គត់របស់ព្រះអង្គ។

ព្រះមហាក្សត្រនៃកម្ពុជាព្រះអង្គមានព្រះរាជបន្ទួលថា ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ១៩៥៣មក ព្រះរាជាណាចក្រកម្ពុជាយើងមានឋានៈស្មើនឹងសាធារណរដ្ឋបារាំងមានឋានៈជារដ្ឋឯករាជ្យពេញបរិបូណ៌។

បន្ទាប់ពីបានទទួលឯករាជ្យពេញលេញហើយ ប្រជាជាតិកម្ពុជាមានឱកាសកសាងជាតិមាតុភូមិដោយផ្ទាល់ ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរជាទីដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានស្ថាបនាសង្គមរាស្រនិយមបំពេញព្រះរាជកិច្ចដឹកនាំលើមាគ៌ាដ៏ភ្លឺស្វាងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ។

កម្ពុជាគឺជាប្រទេសអព្យាក្រឹត ជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍ ហើយសមិទ្ធផលនានាជាច្រើនបានកសាងឡើង និងបានប្រារព្ធពិធីសម្ពោធជាបន្តបន្ទាប់សម្រាប់ប្រជារាស្រ្តប្រើប្រាស់នៅតាមខេត្តក្រុងនានាទូទាំងប្រទេស។

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកោតសរសើរចំពោះ សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និង សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលបានប្រារព្ធពិធីបុណ្យខួបឯករាជ្យនេះ ហើយក៏ជាទិវាកំណើតនៃកងយោធពលខេមរភូមិន្ទផងដែរ នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាយើងកំពុងមានស្ថិរភាពនយោបាយនិងសន្តិសុខជាតិដែលត្រូវបានធានាពេញលេញនិងស្របពេលដែលរាជរដ្ឋាភិបាលអណត្តិទី៦នៃរដ្ឋសភាកំពុងតែចាប់ផ្ដើមបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមតាមតួនាទីរបស់ខ្លួនយ៉ាងសកម្ម និងបានកោតសរសើរចំពោះការដឹកនាំលើផ្លូវត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្លាតវៃដែលបានដាក់ចេញនូវនយោបាយដឹកនាំដ៏ត្រឹមត្រូវដែលនាំមកនូវសន្តិសុខភាព និងការរីកចម្រើន។

នៅ​ក្នុង​ឱកាស​នេះ​ដែរ​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ ថ្លែងសុន្ទរកថាថ្វាយព្រះមហាក្សត្រប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម​ ៖

“៩ វិច្ឆិកា ឆ្នាំ ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធឡើងដើម្បីរំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នេះគឺជាការប្រារព្ធបុណ្យ ឯករាជ្យជាតិកម្ពុជាប្រកបដោយមោទនភាព និងស្ថិតនៅក្នុងបរិបទកម្ពុជាពោរពេញទៅដោយសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងពលរដ្ឋខ្មែរពោរពេញទៅដោយសេចក្តីសុខ និងប្រទេសជាតិពោរពេញទៅដោយការអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេចតេជោ បានសំដែងនូវការដឹងគុណចំពោះ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គបានទាមទាឯករាជ្យជូនជាតិមាតុភូមិ រហូតដល់សព្វថ្ងៃនេះ។ សម្ដេចតេជោ សូមគោរពដឹងគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានលះបង់កូនចៅ ប្តី ប្រពន្ធ និងសាច់ញាតិក្នុងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីការពារជាតិមាតុភូមិយើងនៅគ្រប់ៗជំនាន់។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាបានដាក់ចេញអនុវត្តនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្រ្តដោយប្ដេជ្ញាចិត្តសម្រេចឲ្យបាននូវគោលដៅចម្បងជាយុទ្ធសាស្ត្ររួមមាន៖

១)បន្តកសាងប្រទេសជាតិឲ្យមានវឌ្ឍនភាពលើគ្រប់វិស័យ មានសាមគ្គីភាពរឹងមាំ សីលធម៌សង្គម សេរីភាព និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជន និងភាពសុខដុមរមនាទាំងក្នុងគ្រួសារសហគមន៍ និងសង្គមជាតិទាំងមូល។

២)ការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិលើកកម្ពស់កិត្យានុភាពសង្គមជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងជាដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ឬការញុះញង់ណាមួយដែលបង្កឲ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមកម្ពុជា។

៣)បន្តដោះស្រាយបញ្ហាព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាងដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងជំរុញអនុវត្តយុទ្ធសាស្ត្ររបស់ព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ និងមិនអនុញ្ញាតឲ្យបរទេសប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រឆាំងនឹងប្រទេសជិតខាង។

៤)ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរួមមានហិរញ្ញប្បទានភេរវកម្ម ទប់ស្កាត់ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបន្តជំរុញអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់៕ចេស្តា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print