ភ្នំពេញ៖ជារៀងរាល់ឆ្នាំ ឱ្យតែកម្ពុជារៀបចំពិធីបុណ្យអ៊ំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក អាជ្ញាធរតែងតែចែកស្រោមអនាម័យ ម៉ាក Ok ដល់ប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយឥតគិតថ្លៃ ។
ប្រជាពលរដ្ឋខ្លះសម្តែងការងឿងឆ្ងល់ជុំវិញការចែកស្រោមអនាម័យ នេះ ។ តាមការពិត នេះ ជាការចូលរួមរបស់អាជ្ញាធរ ព្រោះថា រាល់ពេលពិធីបុណ្យអ៊ំទូក ប្រជាពលរដ្ឋតាមបណ្តាខេត្តយ៉ាងច្រើនកុះករ នឹងអញ្ជើញមករាជធានីភ្នំពេញ ហើយក្នុងឱកាសនោះ ការរួមភេទពិតជាកើតមានឡើងគេចមិនផុតឡើយ ។
ដូច្នេះទើបអាជ្ញាធរ ផ្តល់ជូនស្រោមអនាម័យ ដោយឥតគិតថ្លៃ ដើម្បីបង្ការជំងឺផ្សេងៗ ពិសេសជំងឺអេដស៍តែម្ដង ។
នៅឆ្នាំនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានត្រៀមស្រោមអនាម័យ ចំនួន៣ម៉ឺនស្រោម សម្រាប់ចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅក្នុងព្រះរាជពិធីបុណ្យអ៊ំទូក ។
លោក តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ថ្លែងថា ក្នុងឱកាសកម្ពុជាប្រារព្ធពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានត្រៀមរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ និង រៀបចំក្រុមឡានចល័ត ដើម្បីចុះផ្សព្វផ្សាយអប់រំ និងត្រៀមចែកស្រោមអនាម័យ៣ម៉ឺនស្រោម ដោយឥតគិតថ្លៃ នៅតាមទីប្រជុំជន សួនច្បារ តំបន់កោះពេជ្រ កន្លែងក្រុមកីឡាករអុំទូកស្នាក់នៅ និងតំបន់មាត់ទន្លេត្រើយខាងលិច ដែលមានមនុស្សច្រើនកុះករមកលេងកម្សាន្ដច្រើន ដើម្បីផ្ដល់សារអប់រំខ្លីៗ អំពីមេរោគអេដស៍ជំងឺអេដស៍។
នៅក្នុងឱកាសនោះដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ក៏មានការរៀបចំកន្លែងធ្វើតេស្តឈាម សម្រាប់ធ្វើតេស្តឈាមស្វែងរកមេរោគ អេដស៍ដោយឥតគិតថ្លៃផងដែរ។
តាមរបាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បង្ហាញថា អត្រាឆ្លងជំងឺអេដស៍ថ្មី នៅប្រទេសកម្ពុជាបានថយចុះពី១០០នាក់ នៅឆ្នាំ១៩៩៨ មកនៅត្រឹម៣នាក់ នៅឆ្នាំ២០១០ និងបន្តថយចុះនៅសល់២នាក់ នៅឆ្នាំ២០១៦។
ទោះបីយ៉ាងណាក្ដី តាមការប៉ានស្មានបច្ចុប្បន្ននេះ មានអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន៧២០០០នាក់ ក្នុងនោះបានទទួលព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ ចំនួន៥៧០០០នាក់ ស្មើនឹង៧៥ភាគរយ៕ចេស្តា