ប្រទេសរុស្ស៊ីស្នើឲ្យអង្គការសហប្រជាជាតិពិភាក្សាប្រជុំជាសម្ងាត់លើបញ្ហាទណ្ឌកម្មប្រទេសកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មាន TASS បានដកស្រង់សម្តី អ្នកនាំពាក្យ គណៈប្រតិភូរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Fyodor Strzhiz​hovsky បានប្រកាសថា ទីក្រុងមូស្គូបានស្នើ ឲ្យអង្គការសហប្រជាជាតិ ជួបប្រជុំជា សម្ងាត់ដើម្បី ពិភាក្សទៅលើ ទណ្ឌកម្ម កូរ៉េខាងជើង នៅថ្ងៃទី ៨ខែវិច្ឆិកានេះ។

លោកFyodor Strzhizhovsky បាន បញ្ជាក់ថា«រុស្ស៊ីបានស្នើឲ្យពិភាក្សា លើ ប្រធានបទទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងនាពេលកន្លងមក ហើយកិច្ចពិភាក្សាត្រូវធ្វើឡើងជាសម្ងាត់ »។

សកម្មភាពខាងលើរបស់រុស្ស៊ី កើត ឡើង ក្រោយពេលចិន និងរុស្ស៊ី បាន បង្ហាញការគាំទ្រ ជម្រុញឲ្យអង្គការសហ ប្រជាជាតិ លុបទណ្ឌកម្ម ដល់កូរ៉េខាងជើង ក្រោយពេលប្រទេសនេះមានឆន្ទៈនៅក្នុងការបោះបង់អាវុធបរមាណូ ។

កាលពីខែធ្នូឆ្នាំ ២០១៧ ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ បានអនុ ម័ត ដាក់ទណ្ឌកម្មយ៉ាងតឹងតែងដល់កូរ៉េ ខាងជើង ក្រោយការសាកល្បង កាំជ្រួច មីស៊ីលនិងបរមាណូ ។ ប៉ុន្តែក្រោយជំនួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីកូរ៉េខាងជើង ៣លើក កន្លងមក ក៏ដូចជាការបន្ទន់ឥរិយាបថ បញ្ឈប់សកម្មភាពបរមាណូ ប្រទេសចិន និងរុស្ស៊ី បានជម្រុញឲ្យបន្ធូបន្ថយទណ្ឌកម្ម ដែលជាការបើកផ្លូវ នឹងផ្តល់ទំនុកចិត្តដល់ទីក្រុងព្យុងយ៉ាងនៅក្នុងការ រំសាយអាវុធ ។

ជាមួយគ្នានេះដែរ ប្រភពព័ត៌មានបាន ឲ្យដឹងថា មេដឹកនាំ គីម ជុងអ៊ុន អាចនឹង មកទស្សនកិច្ចទីក្រុងមូស្គូ នៅឆ្នាំក្រោយ នេះ។ ជំនួយការម្នាក់របស់លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺលោក Yury Ushakov បានឱ្យដឹងថាមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាអាចនឹងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ី នៅឆ្នាំក្រោយនេះ។

លោក Ushakov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ដូច្នេះថា«ខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងធ្វើ ឡើងនៅឆ្នាំក្រោយ» ក៏ប៉ុន្តែ ព្រមពេលជា មួយគ្នា លោក Ushakov មិនបានទទួលស្គាល់សេចក្ដីរាយការណ៍ថា លោក គីម ជុងអ៊ុន នឹងមកទស្សនកិច្ចនៅទីក្រុងមូស្គូ នៅក្នុងខែវិច្ឆិកានេះឡើយ។ កាលពីថ្ងៃចន្ទ កន្លងទៅ មន្ត្រីទូតជាន់ខ្ពស់ កូរ៉េខាងត្បូងប្រចាំទីក្រុងម៉ូស្គូ លោក Woo Yoon-keun បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម អាចនឹងបំពេញ ដំណើរទស្សនកិច្ចមកកាន់រុស្ស៊ីនៅចុងខែវិច្ឆិកានេះ។

សូមបញ្ជាក់ថា អំឡុងពេលបំពេញ ទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង កាលពីខែ ឧសភា ឆ្នាំ២០១៨ រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergei Lavrov បានប្រគល់ លិខិត១ច្បាប់ជូនលោក គីម ជុងអ៊ុន ហើយដែលលិខិតនេះ ត្រូវបានគេជឿជាក់ថាជាការអញ្ជើញលោក គីម បំពេញទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ី។ តែរហូតមក ទល់ពេលនេះ កូរ៉េខាងជើងមិនទាន់ឆ្លើយតបអ្វីនៅឡើយទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print