ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញយន្តការចំនួន២ ដែលជួយឱ្យការលុបបំបាត់ការជិះបញ្ច្រាសទិសចរាចររបស់ប្រជាពលរដ្ឋខ្មែរទទួលបានប្រសិទ្ធភាព។
លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា យន្តការទាំង២នោះគឺ ទី១៖ គួរបញ្ជូលច្បាប់ចរាចរណ៍បូកនឹងសុជីវធម៌តាមផ្លូវទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យក្លាយជាទម្លាប់ និងទី២ ឈានដល់ការអនុវត្តន៍ពិន័យតឹងរឹង ដែលឈានដល់ការលុបចោលបណ្ណបើកបរ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ លើកឡើងបែបនេះ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ នេះ ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់ពលរដ្ឋខ្មែរម្នាក់ដែលចង់ឃើញឱ្យមានលុបបំបាត់ការជិះបញ្ច្រាសទិសចរាចរ ។
យន្តការទាំង២ ដែលលើកឡើងដោយលោករដ្ឋមន្ត្រី ទទួលបានការគាំទ្រច្រើនផងដែរពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ។
សូមបញ្ជាក់ថា ការជិះបញ្ច្រាសទិសចរាចរស្ទើរតែក្លាយជាទម្លាប់ទៅហើយរបស់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន។ ការជិះបញ្ច្រាសផ្លូវនេះ បានក្លាយទៅជាបញ្ហាបង្កការកកស្ទះចរាចរណ៍ ហើយក៏បង្កឱ្យមានគ្រោះថ្នាក់ចរាចរជាញឹកញាប់ផងដែរ៕ចេស្តា