ភ្នំពេញ ៖ មានករណីអគ្គីភ័យដ៏ធំមួយបានកើតឡើងបណ្ដាលឲ្យផ្ទះក្លាសេត្រីមួយកន្លែង រួមនិងរថយន្តស៊េរីទំនើបមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំធឿ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជាខ្លាំង កាលពីវេលាម៉ោង៣ និង៤០នាទីទាបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លួវលេខ១២៥ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះ មានលោកពូសន្តិសុខម្នាក់ដែលប្រចាំការក្បែរផ្ទះកើតហេតុ បានឃើញមានផ្សែងហុយឡើងខ្មួលខ្មាញ់ចេញពីក្នុងផ្ទះកើតហេតុ ព្រមទាំងមានអណ្ដាតភ្លើងចេញមកយ៉ាងសន្ធោសន្ធៅផងដែរ ពេលនោះសន្តិសុខដែលឃើញហេតុការណ៍បានទាញឈើមកគោះទ្វាដើម្បីឲ្យមនុស្សដែលនៅខាងក្នុងផ្ទះដឹងខ្លួន និងបាននាំគ្នារត់ចេញក្នុងផ្ទះយ៉ាងប្រញ៉ាប់ប្រញ៉ាល ដោយមិនធ្វើឲ្យប៉ះពាល់ដល់មនុស្សណាម្នាក់រងរបួសនោះឡើយ។
ក្នុងអំឡុងពេលនោះដែរ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ ។ ហើយក្នុងប្រតិបត្តិការណ៍ខាងលើនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១២គ្រឿង ក្នុងរយះពេល១ម៉ោង ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង ។
ក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ដឹងថា បណ្ដាលមកពីអ្វីនោះទេ គ្រាន់តែដឹងថា មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ូតូមួយគ្រឿង និងទ្រព្យសម្បត្តិក្នុងផ្ទះក្លាសេគ្រឿងសមុទ្រខាងលើនេះ អស់មួយចំនួនធំ ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ៕ធឿនព្រែកជ័យ