បងប្អូនកូរ៉េ ចាប់ផ្តើមរុះរើប៉ុស្តិ៍​យាមល្បាតនៅតាមព្រំដែន ​តាមកិច្ចព្រមព្រៀង

ចែករំលែក៖

កូរ៉េទាំងពីរ បានចាប់ផ្តើមរុះរើ​ប៉ុស្តិ៍យាមល្បាតរបស់កម្លាំងទាហាន​នៅតាមបន្ទាត់ព្រំដែនចំនួន២០ទីកន្លែង កាលពីថ្ងៃអាទិត្យ តាមកិច្ចព្រមព្រៀង ដើម្បីកាត់បន្ថយស្ថានភាពតានតឹងដាក់គ្នា ។

ក្រោមកិច្ចព្រមព្រៀង កាលពីចុងខែតុលា ឆ្នាំ២០១៨ កូរ៉េខាងជើង និងខាងត្បូង បានឯកភាពគ្នា រុះរើប៉ុស្តិ៍យាមរបស់ទាហានចំនួនម្នាក់ ១០ទីតាំង​ ដោយរក្សាទុកតែម្នាក់មួយប៉ុស្តិ៍​ប៉ុណ្ណោះ នៅសងខាងព្រំដែនប្រទេសទាំងពីរ ។

កាសែត យ៉ុនហាប បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ កម្លាំងយោធា​បានចាប់ផ្តើមបំផ្លាញប៉ុស្តិ៍ឆ្មាំព្រំដែនចំនួន២០កន្លែង ស្ថិតនៅតំបន់ គ្មានយោធា បែងចែកកូរ៉េទាំងពីរនោះហើយ គឺក្រោយពីដកកម្លាំងកងទ័ព និងសម្ភារយោធាចេញពីទីនោះអស់ហើយ ។

ភ្នាក់ងារព័ត៌មានដដែល ផ្សាយទៀតថា ប៉ុស្តិ៍ឆ្មាំព្រំដែន​កូរ៉េខាងត្បូង​មានប្រមាណ៦០ទីតាំង នៅតាមបន្ទាត់ព្រំដែន ខណៈដែលកូរ៉េខាងជើងវិញ មានប្រហែល១៦០ប៉ុស្តិ៍​ ។

ភូមិ ព្រំដែន Panmunjom – ឬតំបន់សន្តិសុខរួម (JSA) គឺជាកន្លែងតែមួយគត់ មានបណ្តោយព្រំដែន ប្រហែល២៥០គីឡូម៉ែត្រ ហើយទាហានមកពីកូរ៉េទាំងពីរ និងទាហានអ.ស.ប.ដឹកនាំដោយអាមេរិក បានឈរជើងប្រឈមមុខដាក់គ្នា ។

ប៉ុន្តែ ជាផ្នែកមួយនៃកាយវិការបង្រួបបង្រួមចុងក្រោយបង្អស់នេះ កូរ៉េទាំងពីរ កាលពីខែមុន បានដកចេញកាំភ្លើង យុទ្ធោបករណ៍ និង កម្លាំងឆ្មាំយាមកាមទាំងអស់ឲ្យចេញពីតំបន់ប្រឈមមុខខាងលើនេះ ដោយបន្សល់ទុក តែឆ្មាំការពារ មិនបំពាក់អាវុធ៣៥នាក់នាក់ប៉ុណ្ណោះ ពីភាគីម្ខាងម្នាក់ ។

ស្ថានភាពល្អប្រសើរ​នេះ ​បានកើតឡើង បន្ទាប់ពី​ប្រទេសទាំងពីរ​មានជម្លោះតាមផ្លូវការទូត​ យ៉ាងស្រួចស្រាវនាពេលកន្លងមក ហើយប៊ិះនឹងផ្ទុះសង្គ្រាមនុយក្លេអ៊ែរ​ទៅហើយផងដែរ ។
ប៉ុន្តែ ស្ថិតនៅក្រោមរដ្ឋាភិបាលកូរ៉េខាងត្បូង ដឹកនាំដោយ​លោក Moon Jae-in កូរ៉េខាងត្បូងបាន​ជំរុញនយោបាយតភ្ជាប់​ជាមួយ​​រដ្ឋឯកោកូរ៉េខាងជើង ដែលជាប្រទេសជិតខាងមួយ មានអាវុធនុយក្លេអ៊ែរ ផ្ទុយពីអាមេរិកដែលទទូច​ឲ្យដាក់ការគាបសង្កត់ បង្ខំទីក្រុងព្យុងយ៉ាង​រំសាយអាវុធនុយក្លេអ៊ែរ។

លោក Moon និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានព្រមព្រៀង​លើគម្រោងធំទូលាយបន្ថែមទៀត ដើម្បីបញ្ចៀសស្ថានការ​តានតឹង​ប្រឈមមុខដាក់គ្នានៅតាមបន្ទាត់ព្រំដែន កាលពីអំឡុងកិច្ចប្រជុំកំពូល​នៅទីក្រុងព្យុងយ៉ាងកាលពីខែកញ្ញា ឆ្នាំ២០១៨ ។

ប្រទេសទាំងពីរ​​ស្ថិតនៅក្នុងសង្គ្រាមបច្ចេកទេស ក្រោយសង្គ្រាមកូរ៉េ​​1950-1953 ។ កូរ៉េទាំងពីរ​មិនទាន់មានសន្ធិសញ្ញាសន្តិភាព​នោះទេ ក្រៅតែពីកិច្ចព្រមព្រៀងឈប់បាញ់ប៉ុណ្ណោះ ។

ប៉ុន្តែដោយសារកាយវិការផ្សះផ្សា ក្នុងឆ្នាំចុងក្រោយនេះរវាង​មេដឹកនាំកូរ៉េខាងត្បូង នឹងលោកគីម ជុងអ៊ុន បានធ្វើឲ្យស្ថានការណ៍ធូរស្រាល រីកចម្រើនបន្តបន្ទាប់ ។

កាលពីខែមិថុនា លោក គីម ជុងអ៊ុន និង​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានជួបប្រជុំកំពូលលក្ខណៈប្រវត្តិសាស្ត្រផងដែរ នៅប្រទេសសិង្ហបុរី ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​មិនច្បាស់លាស់មួយ​ស្តីអំពី​ការរំសាយអាវុធនុយក្លេអ៊ែរ ។​ តាំងពីពេលនោះមកដល់បច្ចុប្បន្ន ដំណើរការ​ហាក់មិនរីកចម្រើននោះទេ ដោយអាមេរិក និងកូរ៉េខាងជើង​ ហាក់មានការសង្ស័យគ្នាទៅវិញទៅមក ។

គម្រោងជួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo និងបុរសដៃស្តាំលោកគីម ជុងអ៊ុន គឺលោក Kim Yong Chol ដែលគ្រោងធ្វើឡើងនៅសប្តាហ៍នេះ ក៏ត្រូវពន្យារពេលផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print