ភ្នំពេញ៖ ច្រៀងបទ”មេម៉ាយសប្បាយចិត្ត”ដែលជាសំនៀងដើមរបស់អ្នកស្រីប៉ែន រ៉ន នោះបានធ្វើឲ្យតារាចម្រៀង រ័ត្ន រចនា បានផ្លាស់ប្តូរជីវិតថ្មីដោយមានការទទួលស្វាគមន៍ច្រើនពីកម្មវិធីនានា។ ថ្មីៗនេះនាងក៏បានថតបទចម្រៀងមួយនេះជាមួយនឹងទិដ្ឋភាព និងទឹកដមសំនៀងកាន់តែពិរោះរណ្តំ។
ផ្តើមចេញពីការផ្សាយផ្ទាល់តាមហ្វេសប៊ុកនាការប្រគំតន្ត្រីមួយនៅខេត្តស្វាយរៀង បានទាក់ទាញចិត្តអ្នកស្តាប់ខ្លាំង និងបានផ្លាស់ប្តូរជីវិតតារាចម្រៀង រ័ត្ន រចនា ដែលធ្លាប់តែច្រៀងក្នុងកម្មវិធីជប់លៀងតូចតាច និងតាមហាងផឹកស៊ីនោះឲ្យក្លាយជាអ្នកចម្រៀងអាជីពមានមុខមាត់ក្នុងសង្គមសិល្បៈ។
តារាចម្រៀងស្រីវ័យ៣០រូបនេះលើកឡើងថា នាងមិនដែលគិតថាខ្លួននាងទទួលបានការគាំទ្រ និងស្គាល់ច្រើនដូចពេលនេះពីមុនមកទេ។ នាងបញ្ជាក់ដែរថា ស្ថានីយទូរទស្សន៍នានាចាប់ផ្តើមអញ្ជើញនាងឡើងច្រៀង ហើយកម្មវិធីតន្ត្រីតូចធំជាច្រើនក៏ស្វាគមន៍នាងមិនដាច់នោះឡើយ ដែលពេលខ្លះនាងបានបដិសេធមិនទទួលការងារដែលជាន់គ្នា។
នាងក៏មិនអន់ចិត្តដែលដែលច្រៀងជិត២០ឆ្នាំមកហើយពោលគឺតាំងពីកុមារ ហើយមិនមានអ្នកស្គាល់ច្រើនទើបតែពេលនេះ។ នាងថាប្រាក់ចំណូលពីការច្រៀងបច្ចុប្បន្នបាននឹងកំពុងធ្វើឲ្យនាងពេញចិត្តខ្លាំងបើទោះបីជាមិនក្រាស់ក្រែលប៉ុន្តែបើធៀបនឹងពេលមិនទាន់ល្បីនោះគឺខុសគ្នាគួរសម។
នាងរំពឹងថាការងារសិល្បវៈរបស់នាងនឹងកាន់តែប្រសើរ រួមជាមួយគម្រោងបញ្ចេញស្នាដៃច្រៀងបទចម្រៀងថ្មីៗផងដែរ។
បទចម្រៀងរបស់នាងក្រៅពីល្បីលើបណ្តាញសង្គមហ្វេសប៊ុក និងYoutube នោះក៏ត្រូវបានអ្នកលេង បណ្តាញសង្គម Tik Tokយកមកត្រាប់តាមជាហូរហែ។
ចុងក្រោយថ្មីៗនេះនាងបានបង្ហើសំនៀងពីបន្ទប់ផ្សាយ ជាមួយនឹងរូបវីដេអូថ្មីត្រជាក់ភ្នែក និងកាន់តែធ្វើឲ្យសំនៀងរបស់នាងពិរោះប្លែកថែមឡើង។
តារាស្រី រូបនេះ ធ្លាប់ថ្លែងថា នេះជាគ្រាដំបូងហើយ ដែលនាងបានសាងប្រជាប្រិយភាពល្បីល្បាញ និងជាការបំពេញបំណងដល់ឪពុកម្ដាយរបស់នាងបានសម្រេច៕ ដោយ វឌ្ឍនា