ខេត្តពោធិ៍សាត់៖ លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ដឹកនាំមន្រ្តីក្រោមឱវ៉ាត ចុះសហការជាមួយអាជ្ញាធរមានសមត្តកិច្ច ក្នុងនោះធ្វើការពិនិត្យឃើញទំនិញម្ហូបអាហារខូចគុណភាព និងមានសារធាតុគីមីជាង ១តោន វត្ថុតាងកម្លាំងជំនាញសហការបានដុតកំទេចចោល។
ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃច័ន្ទ ៥កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងផ្សារសាមគ្គីក្រគរ ត្រង់ចំណុចតាមតូប និងតាមផ្ទះជុំវិញផ្សារ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងមន្រ្តីជំនាញចុះប្រតិបត្តិបានឲ្យដឹងថា ជាលទ្ធផល៖ កម្លាំងជំនាញសហការពិនិត្យបានចំនួន ១៣កន្លែង រកឃើញប្រហិតបន្លែ(ថៃ)ហួសសុពលភាពទម្ងន់ចំនួន ០៩គីឡូក្រាម ទឹកក្រូចដបធំ(ថៃ)ចំនួន ៣១ដប ស្មើនឹងទម្ងន់ចំនួន ៩៦គីឡូក្រាម ទឹកក្រូចដបតូច(ថៃ)ចំនួន ៧៤យួរ ស្មើនឹងទម្ងន់ចំនួន ៣១០៨គីឡូក្រាម។
ប្រភពព័ត៌មានខាងលើបន្តទៀតថា លទ្ធផល៖ ជាវត្ថុតាងដែលកម្លាំងពិនិត្យឃើញបានដឹកយកទៅដុតកំទេចចោល នៅចំណុចអ្នកតាឃា្លំមឿង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយអញ្ជើញចូលរួមពីលោក សុខ ឃន អភិបាលរងស្រុកក្រគរផងដែរ៕ ដោយ បឹុម ពិន