ភ្នំពេញ: នារីម្នាក់បើកម៉ូតូមកឈប់លើស្ពានជ្រោយចង្វាប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាការពារប្រចាំការនៅគល់ស្ពាន បាននាំគ្នាជួយឃាត់ទាន់ពេលវេលា រួចនាំយកមកធ្វើការសាកសួរ ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលឡើងនៅពីម៉ោង ៨យប់ ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើស្ពានជ្រោយចង្វាថ្មី ប៉ែកខាងកើត ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថា នារីដែលប៉ងលោតទឹកសម្លាប់ខ្លួនមិនត្រូវបានអត្តសញ្ញាណទេ ជិះម៉ូតូម៉ាកហុងដា Zoomer-X ពាក់ស្លាកលេខភ្នំពេញ 1G-L2238។
បើតាមសម្តីប្រជាការពារប្រចាំការនៅគល់ស្ពាន បានឲ្យដឹងថា មុនពេលកើតហេតុមិនដឹងជានារីនឹងគាត់ជិះម៉ូតូមកពីណាទេ ហើយមកឈប់នៅលើស្ពានជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបានកម្លាំងសន្តិសុខយើង ដែល ប្រចាំការនៅគល់ស្ពាន បាននាំគ្នាជួយឃាត់ទាន់ពេលវេលា រួចនាំយកមកសួរនាំបានបន្តិចក្រោយមកនាងក៏បានរត់ទៅលោតសម្លាប់ខ្លួនម្តងទៀត ហើយត្រូវប្រជាការពារយើងបានជួយចាប់យក មកខាងក្រោមវិញដដែល បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅចំណុចស្ពានជ្រោយចង្វា គល់ស្ពានជាប់រង្វង់មូលព្រហ្មមុខបួនតែម្ដង។
បន្ទាប់ពីកើតហេតុក្រុមប្រជាការពារប្រចាំការនៅគល់ស្ពាន បានទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលជ្រោយចង្វាមកទទួលយកនារីដែល ប៉ងលោតទឹកសម្លាប់ខ្លួន ទៅសួរនាំរកបងប្អួន មកយកត្រឡប់ទៅផ្ទះវិញ៕ជ្រោយពេជ្រ