ភ្នំពេញ ៖ បន្ទាប់ពីកើតគ្រោះធម្មជាតិបាក់ច្រាំងទន្លេនៅខាងក្រោយវត្តក្តីតាកុយ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃ២០-២១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ឥឡូវនេះក្រុមការងារជំនាញបានប្រើប្រាស់បាវខ្សាច់ចាក់ទប់ច្រាំងទន្លេបានប្រមាណជា៥០ភាគរយហើយដើម្បីទប់ស្កាត់កុំអោយច្រាំងទន្លេខាងក្រោយវត្តក្តីតាកុយបាក់តទៅទៀតបង្កការខូចខាតដល់ចេតីយ៍សម្រាប់បញ្ចុះសពនិងតំកល់ធាតុ ។
មកដល់ពេលនេះមានរយៈពេលជិត១ខែហើយដែលក្រុមការងារជំនាញបានខិតខំទប់ស្កាត់កុំអោយបាក់ច្រាំងទន្លេតទៅទៀតដោយប្រើប្រាស់សាឡង់បូមខ្សាច់និងបាវខ្សាច់ចាក់ទប់ធ្វើជម្រាលច្រាំងថ្មីដើម្បីទប់កុំអោយច្រាំទន្លេបាក់ បង្កការខូចខាតដល់ចេតីយ៍មួយចំនួនទៀត។
សូមរំលឹកថាការបាក់ច្រាំងទន្លេនៅខាងក្រោយវត្តក្តីតាកុយ បណ្តាលអោយខូចខាតចេតីយ៍ចំនួន៥ និង៥ទៀតប្រឈម មុខនឹងការខូចខាតដែរ តែពេលនេះអាជ្ញាធរខណ្ឌច្បារអំពៅបានរិៈរកគ្រប់វិធីដើម្បីទប់ស្កាត់មិនអោយបាក់ច្រាំងតទៅទៀតទេ ។
តាមការបញ្ជាក់របស់មន្ត្រីជំនាញបានលើកឡើងថា គ្រោះធម្មជាតិនេះកើតឡើងមកពីកត្តារួមផ្សំគ្នាទី១ ចរន្តទឹកហូរ , ទី២ ទឹករលកបោកផ្ទប់ច្រាំង , ទី៣ ទឹកហូរច្រោះចេញពីក្រោមដី , ទី៤ ដីខ្សាច់ទើបនឹងបូមចាក់បំពេញដីនៅខាងក្រោយវត្តជិត១ឆ្នាំ និងទី៥ អ្នកមានធន់ធាន់ធ្វើសំណង់ចេតីយ៍ពុំមានគ្រឹះក្រោមនិងមានទម្ងន់ធ្ងន់ជាហេតុធ្វើអោយដីខ្សាច់ដែលទើបចាក់ថ្មីមិនអាចទ្រទម្ងន់បានទើបបង្កជាគ្រោះបាក់ច្រាំងតែម្តង ។
និយាយរួមករណីនេះកើតឡើងដោយកត្តារួមផ្សំ ចំពោះទស្សនៈរបស់ប្រជាពលរដ្ឋដែលលើកឡើងថាបណ្តាលមកពីការបូមខ្សាច់នៅកណ្តាលទន្លេនោះគឺជាការយល់ឃើញរបស់គាត់ បើតាមអ្នកជំនាញបញ្ជាក់ថា មិនមានពាក់ព័ន្ធនិងការបូមខ្សាច់នោះទេ ។ ការបាក់នេះគឺមកពីសំពាធទឹកហូរធ្លាក់ពីលេីចុះក្រោម ច្រោះបាតដីខាងក្រោម ដូចនេះការបាក់ស្រុតចេតីយ៍នេះ មកពីសំពាធទឹកហូរច្រោះ។ ឥឡូវនេះក្រុមការងារបាន ទប់ស្កាត់មិនអោយបាក់តទៅទៀតទេ ៕ សណ្តោស
...