តុលាការ​សម្រេច​ឃុំខ្លួន ​ចោរលួច​ម៉ូតូម្នាក់ ក្រោយចាប់ខ្លួនបានតាមរយៈ​កាមេរ៉ា​សុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ រសៀល​ថ្ងៃពុធ ៧កើតខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ជនសង្ស័យ​ម្នាក់​ ដែលជាមុខសញ្ញាចោរ​លួច​ម៉ូតូតាមផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ ហើយ​ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ​តាមរយៈ​កាមេរ៉ាសុវត្ថិភាព​របស់​ម្ចាស់ផ្ទះ​ ដោយកំណត់មុខសញ្ញាច្បាស់រហូតឈានទៅដល់ការឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ រុន វិ​រៈ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​មិន​ពិតប្រាកដ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ លី គី​ម​ឡេ​ង ភេទ​ស្រី អាយុ​៣៨ ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។

គួរ​រំលឹកផងដែរ​ថា កាលពី​វេលា​ម៉ោង​៨​និង​២៧​នាទី​យប់ ថ្ងៃ​ទី​៥ វិច្ឆិកា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាពចូលលួចម៉ូតូ​របស់​ជន​រង​គ្រោះ​ មួយគ្រឿង​ម៉ាក​ហុងដា ស្កុប​ពី ពណ៌​ខៀវ ឆ្នាំ​២០១៧ ដែល​មាន​ពាក់​ស្លាក​លេខ ភ្នំពេញ ១.GM ២៥៩៩ បានសម្រេច នៅ​មុខ​ផ្ទះ​លេខ៥២៣F២ ផ្លូវ​លេខ ៩៩R សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។ បន្ទាប់ពី​ជនសង្ស័យលួច​ម៉ូតូ​បាត់​ទៅ​ ជន​រង​គ្រោះ​បាន​ថតចម្លង​រូបភាព​សកម្មភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​ចោរ​ចូល​លួច​នោះ​យក​ទៅ​ប្តឹង​សមត្ថ​កិច្ចមូលដ្ឋានភ្លាមៗផងដែរ ។

ក្រោយ​ពីសមត្ថកិច្ចបានទទួល​​ពាក្យបណ្តឹង និង​ពិនិត្យ​មើល​ក្នុង​កាមេរ៉ា​សុវត្ថិភាព​រួច កម្លាំង​នគរ​បាល​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចុះធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​លួច និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​២៨៩ មុខ​ពេទ្យ​ប៉ាស្ទ័រ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ហើយកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាក​សួរ ។ លុះរសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញបាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ ៕ អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print