ខេត្តកណ្តាល: រថយន្តប្រភេទសណ្តោងរឺម៉កដឹកជ្រូកមួយគ្រឿង ខណៈបើកបរគេចរថយន្តដែលបើកបរចេញពីភោជនីយដ្ឋានធ្វើឲ្យអ្នកបើកបរជាន់ហ្រ្វាំងទាំងបង្ខំ បណ្តាលឲ្យក្រឡាប់ដោយខ្លួនឯងទាំងកំរោល តែសំណាងមិនមានអ្នកណាម្នាក់រងរបួសឡើយ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅម៉ោង៩និង៤១នាទីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្តាល។
លោកអធិការស្រុកពញាឮ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9672 សណ្តោងសឺម៉ីរឺម៉ក ពណ៌ច្រេះ គ្មានពាក់ស្លាកលេខ បានដឹកសត្វជ្រូកចំនួន៣០០ក្បាល បើកបរក្នុងទិសដៅពីលិចទៅកើត ដោយឈ្មោះធា សុណា ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិ អំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
លុះពេលបើកបរមកដល់កន្លែងកើតហេតុ បានព្យាយាមបើកគេចពី រថយន្តមួយគ្រឿងដែលកំពុងបើកចេញពីភោជនីយដ្ឋាន(មិនស្គាល់ម៉ាក) បណ្តាលឲ្យអ្នកបើកបររថយន្តដឹកជ្រូកជាន់ហ្រ្វាំងទាំងបង្ខំបណ្តាលឲ្យក្រឡាប់ខ្លួនឯងចាក់ទ្រុងជ្រូកស្រែកទ្រហឹងពេញផ្លូវ តែមិនបណ្តាលឲ្យមានការប៉ះដល់ទ្រព្យសម្បត្តិសាធារណ: និងរងរបួសដល់មនុស្សឡើយ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ ហើយដោយសារកណីនេះមិនប៉ះពាល់ដល់សម្បត្តិសាធារណៈ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យម្ចាស់ហៅរថយន្តស្ទូចមកស្ទូចរថយន្តទៅជួសជុល និងផ្ទេរសត្វជ្រូកទៅរថយន្តមួយទៀតបន្តដំណើរទៅមុខទៀត ៕ ស្អាងជ័យ