កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ «ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍»

ចែករំលែក៖

ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នឹងរៀបចំព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០១៨ នៅថ្ងៃទី០១ ខែធ្នូ។ ការបញ្ជាក់នេះធ្វើឡើងមុនថ្ងៃកម្មវិធីមកដល់ អង្គការ AHF បានរៀបចំនូវសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីបង្ហាញពីសកម្មភាពនានាដែលបានគ្រោងទុក។

ក្រោមយុទ្ធការប្រយុទ្ធនឹងជំងឺអេដស៍ដ៏សកម្ម អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីអបអរសាទរសមិទ្ធផលការងារដែលទទួលបាន និងក្រើនរំលឹកដល់ពិភពលោកឲ្យបានដឹងថានៅសល់ការងារជាច្រើនទៀតដែលត្រូវបញ្ចប់។អង្គការ AHF ក៏ក្រើនរំលឹកដល់មនុស្សជាតិគ្រប់រូបនៅថ្ងៃទិវាពិភពលោកប្រយុទ្ធនឹងអេដស៍ថា “សង្គ្រាមប្រយុទ្ធនឹងជំងឺអេដស៍នៅមិនទាន់បញ្ចប់ទេ!”។ ជារៀងរាល់ឆ្នាំនៅតែមានមនុស្សប្រមាណ ១លាននាក់ បានស្លាប់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ និងជាង១លាន ៨សែននាក់ បានឆ្លងជំងឺអេដស៍ក្នុងមួយឆ្នាំៗ។

នៅថ្ងៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា នឹងបង្កើតឲ្យមានសកម្មភាពជាច្រើនរួមមានការប្រគំតន្រ្តីអបអរអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានជួយក្នុងការគាំពារដល់អ្នករស់នៅជាមួយមេរោគអេដស៍បានចំនួន ១លាននាក់ក្នុងពេលបច្ចុប្បន្ន និងពិធីសម្ពោធគម្រោងតេស្តឈាមរកមេរោគអេដស៍ដោយរថយន្តចល័តរបស់អង្គការ AHF នៅកម្ពុជា។អង្គការ AHF កម្ពុជារៀបចំសន្និសីទសារព័ត៌មាន និងការប្រកាសទិវាពិភពលោកប្រយុទ្ធនឹងអេដស៍ ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅទីលានកោះពេជ្ររាជធានីភ្នំពេញ។

ចាប់ពីម៉ោង៣រសៀលទៅនឹងមានការចូលរួមពីស្ថាប័នរដ្ឋាភិបាល និង​សហគមន៍ចំនួនជិត ១ពាន់នាក់ជួបជុំគ្នា និងបើកយុទ្ធនាការដោយឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងដង្ហែរក្បួននៅបរិវេណមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ការរាំកន្ត្រាក់អារម្មណ៍ ការរាំហែក្បួន និងការធ្វើតេស្តឈាមរកមេរោគអេដស៍។ខណៈដែលចាប់ពីម៉ោង៦កន្លះល្ងាចទៅនឹងមានការប្រគំតន្ត្រីដោយកំពូលតារាល្បីៗ លោកខេមរៈ សេរីមន្ត លោកអូន  ក្រុមកំប្លែង និងតារាផ្សេងៗទៀត ហើយមហាជនទូទៅអាចចូលរួមទស្សនាដោយសេរី។

លោកវេជ្ជបណ្ឌិត ឈឹមសារ៉ាត់ នាយកប្រចាំតំបន់អាស៊ីមានប្រសាសន៍ថា “យើងសង្ឃឹមថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ នឹងធ្វើឲ្យយុទ្ធនាការប្រយុទ្ធនឹងមេរោគអេដស៍កាន់តែប្រសើរឡើង ទាំងនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក” ។ “បច្ចុប្បន្នមានមនុស្សប្រមាណជា ៦៧០០០នាក់នៅក្នុងប្រទេសកម្ពុជា កំពុងរស់នៅជាមួយមេរោគអេដស៍ ហើយយើងខ្ញុំពិតជាមានមោទនភាពក្នុងការបង្ហាញជាសាធារណៈថាក្នុងចំណោមអ្នកជំងឺជាងពាក់កណ្តាលកំពុងទទួលការថែទាំ និងព្យាបាលដោយមានការគាំទ្រពីអង្គការ AHF

ព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ នឹងជួយបង្ហាញប្រាប់ដល់ប្រទេសកម្ពុជាថាមេរោគអេដស៍អាចការពារ និងព្យាបាលបាន ហើយចំពោះអ្នកដែលរស់នៅជាមួយមេរោគនេះ ពួកគេនៅតែអាចរស់នៅបានប្រកបដោយសុខភាពល្អ និងមានផលិតភាពដោយមានការគាំពារ និងទទួលបានថ្នាំការពារមេរោគអេដស៍យ៉ាងត្រឹមត្រូវ។ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការធំបំផុតនៅលើពិភពលោក ហើយបច្ចុប្បន្នAHF កំពុងផ្តល់ការថែទាំសុខភាព និង / ឬសេវាកម្មថែទាំដល់មនុស្សជាង១លាននាក់ ក្នុង ៤១ប្រទេស ទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការីបបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print