កន្លងមកសហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង ដល់ រដ្ឋាភិបាលមីយ៉ានម៉ា ដែលមិនអាចដោះស្រាយបញ្ចប់វិបត្តិ ពាក់ពន្ធ័ក្រុមជនជាតិ រ៉ូហ៊ីងយ៉ា ។ ចំណែកនៅក្នុងកិច្ចប្រជុំ អាស៊ាន លើកទី៣៣នៅក្នុងប្រទេសសឹង្ហបុរី លោកស្រីបន្តរងការរិះគន់ពីបណ្តាប្រទេសក្នុងតំបន់ ពិសេសគឺ ម៉ាឡេស៊ី នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមហាធៀរ មហាម៉ាត់ បានរិះគន់ខ្លាំងៗ ជំហររបស់លោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលភូមា ក្នុងវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ សម្រាប់ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី លោកស្រីស៊ូជី កំពុងព្យាយាមនិយាយការពារអ្វី ដែលគេមិនអាចការពារ បិទបាំងបាន។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមហាធៀ មហាម៉ាត់ លែងខ្វល់នឹងទម្លាប់ប្រពៃណីរបស់ អាស៊ាន ដែលរហូតមក តមសំដី មិនលូកដៃ ចូល ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ាន។ នៅថ្ងៃអង្គារម្សិលមិញ នៅតែមួយម៉ោងមុនឡើងទៅឈរជិត លោកស្រី អ៊ុងសាន ស៊ូជី នៅលើវេទិការបស់មេដឹកនាំប្រទេសសមាជិកអាស៊ាន ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បាននិយាយរិះគន់ខ្លាំងៗ លោកស្រីអ៊ុងសាន ស៊ូជី ដែលមិនឃើញចាត់វិធានការអ្វី នៅពេលកងទ័ពបើកប្រតិបត្តិការបណ្តេញជនជាតិរ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម ចេញពីតំបន់រ៉ាឃីន ភាគខាងជើង ភូមា។
នៅចំពោះមុខអ្នកកាសែត នៅថ្ងៃម្សិលមិញ លោកមហាធៀរ មហាម៉ាត់ ប្រមុខរដ្ឋាភិបាលរបស់ប្រទេសដែលមានសំបូររស់នៅច្រើនដោយប្រជាជនកាន់សាសនាអ៊ីស្លាម បាននិយាយថា លោកខកចិត្តខ្លាំងណាស់ នឹងលោកស្រីអ៊ុងសាន ស៊ូជី។ ដោយនិយាយយោងដល់លោកស្រី ស៊ូជី ដែលធ្លាប់ជាប់ឃុំក្នុងគេហដ្ឋាន ក្រោមរបបសឹកភូមា លោកមហាធៀរបានវាយតម្លៃថា អ្នកដែលធ្លាប់ជាប់ឃុំឃាំងគួរតែយល់ច្បាស់ពីការឈឺចាប់ ហើយនិងមិនគួរយកការឈឺចាប់ទាំងនោះមកលេងសើចនោះទេ។
លោកមហាធៀរ មហាម៉ាត់ បានអំពាវនាវផងដែរ ឲ្យភូមាទទួលយកប្រជាជនរ៉ូហ៊ីងយ៉ាជាជនជាតិរបស់ខ្លួន គឺដូចកាលដែលម៉ាឡេស៊ីធ្លាប់បានធ្វើនៅក្នុងអតីតកាល។ “នៅពេល ទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៧ ពីចក្រភពអង់គ្លេស ម៉ាឡេស៊ី បានទទួលយកប្រជាជនបរទេស ជាច្រើនជាតិសាសន៍។ ឥលូវនេះ ជនបរទេសទាំងនោះបានក្លាយជាជនជាតិម៉ាឡេស៊ី និងដើរតួយ៉ាងសំខាន់ក្នុងសង្គមម៉ាឡេស៊ី” នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីមហាធៀរ។
នៅក្នុងស្រុកភូមា អ្នកគាំទ្រលោកស្រីអ៊ុងសាន ស៊ូជី ជាច្រើនបាននិយាយការពារជ័យលាភីណូបែលសន្តិភាព ថា លោកស្រីមានឥទ្ធិពលតិចតួចទៅលើពួកកងទ័ព ដែលនៅតែមានអំណាចនយោបាយ ក្តោបក្តាប់ខ្លាំង ក្នុងប្រទេស។ ប៉ុន្តែ សម្រាប់អ្នករិះគន់នៅបរទេស លោកស្រីអ៊ុងសានស៊ូជី បរាជ័យមិនអាចប្រមូលសំឡេងគាំទ្រប្រជាធិបតេយ្យរបស់លោកស្រី ដើម្បីដាក់គំនាបទៅលើកងទ័ព ដែលមន្រ្តីអង្គការសហប្រជាជាតិចោទប្រកាន់ថា បានអនុវត្តនយោបាយបោសសម្អាតជាតិសាសន៍ នៅរដ្ឋរ៉ាឃីន។ ដោយសារតែវិបត្តិរ៉ូហ៊ីងយ៉ានេះ អង្គការការពារសិទ្ធិមនុស្ស Amnesty International បានប្រកាសដកហូតមកវិញ រង្វាន់សិទ្ធិមនុស្ស ពីលោកស្រីអ៊ុងសាន ស៊ូជី ក្នុងហេតុផលថា លោកស្រី លែងជានិមិត្តរូបនៃក្តីសង្ឃឹម ភាពក្លាហាន និងមោះមុត ក្នុងការការពារសិទ្ធិមនុស្សដូចមុនទៀតហើយ។
នៅក្នុងលិខិតផ្ញើជូនទៅលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃចន្ទ អង្គការ Amnesty Internationalបានពន្យល់ថា គេបានដកហូតមកវិញ រង្វាន់ “ទូតមនសិការ” Ambassador of Conscience ពីលោកស្រី ដែលគេបានប្រគល់ជូនលោកស្រី កាលពីឆ្នាំ ២០០៩ នៅពេលដែលលោកស្រី កំពុងជាប់ឃុំក្នុងគេហដ្ឋាននៅឡើយ៕ សាធី