ព្រឹទ្ធាចារ្យចាប៉ីដងវែងខ្មែរ បា្រជ្ញ ឈួន ទទួលមរណភាពហើយ

ចែករំលែក៖

ភ្នំពេញ៖ក្រោយពីស្ថានភាព​ជំងឺ​របស់​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​ភិរម្យ ប្រាជ្ញ ឈួន កាន់តែធ្ងន់ធ្ងរនោះនៅយប់រំលងអាទ្រាធចូល​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ លោកបានទទួលមរណភាពហើយក្នុងជន្មាយុ៨២ឆ្នាំ ។ មរណភាពរបស់លោកព្រឹទ្ធាចារ្យបានបន្សល់ទុកនូវការសោកស្តាយជាខ្លាំងសម្រាប់ក្រុមគ្រួសារ និងប្រជាជនខ្មែរគ្រប់ទិសទី។
ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន មាន​ស្ថានភាព​ជំងឺ​រ៉ាំ​រៃ ដូចជា​លើសឈាម បញ្ហា​តម្រងនោម បេះដូង និង​សួត ជាង​១០​ឆ្នាំ​ហើយ​។ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ស្ថានភាព​ជំងឺ​គាត់​ធ្វើទុក្ខ​ខ្លាំង ដែល​ធ្វើ​ឲ្យ​គ្រួសារ​របស់លោក​ព្រឹទ្ធាចារ្យ សម្រេចចិត្ត​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ មុននឹង​បញ្ជូនបន្ត​មក​មន្ទីរពេទ្យ​កាល់​ម៉ែត្រ នា​ថ្ងៃទី​៨ ខែវិច្ឆិកា​ និងបានទទួលមរណភាពកាលពីវេលាម៉ោង១រំលឹងអាទ្រាធចូលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៨នេះ។
​​លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន កើតនៅឆ្នាំ ១៩៣៦ នា ភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ​។ អ្នកចាប៉ីដែលពិការភ្នែកដោយសារតែជំងឺកញ្ជ្រិលកាលពីខ្លួនមានអាយុ ៥ ឆ្នាំ តែអាចមើលឃើញព្រាលៗខ្លះដែរនោះ បានរម្លឹកថា លោកបានចេះដឹងអក្សរសាស្ត្រខ្លះ មានដូចជា បាលី កំណាព្យ ដោយសារព្រះសង្ឃមួយអង្គនៅក្នុងវត្តសមរ នៅក្បែរភូមិរបស់លោក ជួយបង្ហាត់បង្រៀន ឲ្យថា តាមព្រះអង្គ។ ដោយសារមាននិស្ស័យនឹងសិល្បៈចាប៉ី អាយុទើបតែ ១២ ឆ្នាំ កុមារា ប្រាជ្ញ ឈួន បានចាប់ផ្តើមចេះច្រៀងចាប៉ីដងវែងល្អគ្រាន់បើ។ កុមារា ប្រាជ្ញ ឈួន ចេះច្រៀងចាប៉ី ដោយសារតែមានការជំរុញពីបងប្រុស និងឪពុកមារបស់ខ្លួន ដែលជាអ្នកចាប៉ីមានកិត្តិនាមល្បាញល្បីក្នុងសម័យសង្គមរាស្ត្រនិយម គឺលោកតា ប៉ែត ឌុក ដែលមហាជនខ្មែរហៅថា លោកតាចង្កូម ៨ ។ ចាប់ពីពេលនោះមក កិត្តិនាមរបស់អ្នកចាប៉ីដងវែង ប្រាជ្ញ ឈួន បានចាប់ផ្តើមល្បីល្បាញបន្តិចម្តងៗពីភូមិមួយទៅភូមិមួយនៅក្នុងខេត្តតាកែវ។ ហើយកេរ្តិ៍ឈ្មោះ របស់លោកបានចាប់ផ្តើមល្បីខ្លាំងមែនទែន ដែលមានទាំងរាស្ត្រ និងមន្ត្រីស្គាល់ច្រើន នៅឆ្នាំ ១៩៦២ នៅពេលដែលអ្នកចាប៉ីរូបនេះ ប្រឡងនៅវិទ្យុជាតិផ្នែកចាប៉ីដងវែងជាប់ចំណាត់ថ្នាក់លេខ ១ ។ ជ័យលាភីនេះ ធ្វើឲ្យលោកប្រាជ្ញ ឈួន ដែលពេលនោះទើបតែមានវ័យ ២៦ ឆ្នាំ និងបន្ទាប់ពីរៀបការរួច ត្រូវចាកចេញពីស្រុកកំណើតមករស់នៅភ្នំពេញ។

បន្ទាប់ពីទទួលបានជ័យលាភីលេខ ១ អ្នកចាបីរូបនេះ បានវិចបង្វិចរបស់ខ្លួនចាកចោលស្រុកកំណើតមករស់នៅភ្នំពេញ ពីព្រោះតែលោកមានភារកិច្ចត្រូវច្រៀងចាប៉ីនៅស្ថានីយវិទ្យុជាតិនៅឯភ្នំពេញជាប្រចាំ។ តែជាអកុសល កំពុងតែពេញចិត្ត និងត្រេកត្រអាលនឹងអាជីពរបស់ខ្លួនជាអ្នកចាប៉ីដងវែង មិនបានប៉ុន្មានឆ្នាំផង របបប្រល័យពូជសាសន៍ ប៉ុល ពត បានឈានចូលមកដល់ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ លោក ត្រូវបានរបបនេះ ជម្លៀសពីភ្នំពេញមកនៅស្រុកកំណើតវិញ។ ជីវិតតស៊ូលំបាករបស់អ្នកចាប៉ី ប្រាជ្ញ ឈួន ក្នុងរបបនេះ ក៏មិនខុសពីប្រជាជនខ្មែរដទៃទៀត ដែលបានឆ្លងកាត់របបដ៏ខ្មៅងងឹតនេះដែរ។ នៅក្នុងរបបនេះ លោកវិះនឹងបាត់បង់ជីវិតលែងបានកាន់ដងចាប៉ីច្រៀងទៀតនៅពេលនោះ។ក្រោយពីរបប ប៉ុល ពត បានដួលរលំទៅនៅឆ្នាំ ១៩៧៩ ផ្ទាំងប្រវត្តិសាស្ត្រន៍ល្អរបស់កម្ពុជា បានកើតឡើងជាថ្មី ហើយអ្នកចាប៉ីដងវែងរបស់យើង ក៏នៅតែបន្តអាជីពជាអ្នកចាប៉ី ដើម្បីចិញ្ចឹមជីវិត និងគ្រួសារ ហើយបន្តច្រៀងនៅវិទ្យុជាតិដដែល រហូតដល់ឆ្នាំ ២០០០ ទើបលោកចូលនិវត្តន៍។ ថ្វីដ្បិតតែលោក ចូលនិវត្តន៍ឈប់ច្រៀងនៅវិទ្យុជាតិពិតមែន តែអ្នកចាប៉ីរូបនេះ នៅតែអាចមានកម្លាំងទៅច្រៀងតាមកម្មវិធីទូរទស្សន៍ តាមផលិតកម្ម និងកម្មវិធីសំខាន់មួយចំនួនដែរ ដើម្បីចិញ្ចឹមជីវិត មុននឹងលោកលែងមានកម្លាំងអាចច្រៀងកើត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន ជាអ្នកចាប៉ីដ៏ល្បីល្បាញ ដ៏ពូកែ តែគួរឲ្យសោកស្តាយណាស់សម្រាប់អ្នកចាប៉ីរូបនេះនោះ គឺកូនៗរបស់លោកទាំង ៥ នាក់របស់លោក គ្មាននរណាម្នាក់ចេះច្រៀងចាប៉ីដូចខ្លួននោះដែរ។ កូនៗរបស់លោកទាំង ៥ នាក់នោះ អ្នកខ្លះធ្វើជាទាហាន និងកសិករជាដើម។ លោកថា ជីវិតជាអ្នកចាប៉ីពិបាកនឹងរកថវិកាចិញ្ចឹមជីវិត ហើយម្យ៉ាងកូនៗរបស់លោកទាំងនោះ ហាក់មិនសូវមានចំណូលចិត្តនឹងចាប៉ីប៉ុន្មាននោះទេ។ លោក​ត្រូវបាន​ទទួលស្គាល់​ជា​បុគ្គល​ដ៏​មាន​ទេពកោសល្យ​មួយរូប និង​ជាទីគោរព​របស់​ពលរ​ដ្ឋ​កម្ពុជា​ ​ បាន​បន្សល់ទុក​នូវ​ស្នាដៃ​ផ្នែក​ចាប៉ី​ជាច្រើន​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ស្តាប់​។ កិត្តិសព្ទ​របស់​អ្នកប្រាជ្ញ​ផ្នែក​ចាប៉ីដងវែង​រូបនេះ មិន​ត្រឹមតែ​ល្បី​ខ្ទរខ្ទារ​នៅក្នុង​ពិភព​អ្នក​ចាប៉ីដងវែង​ដូចគ្នា​ឡើយ តែ​ក្នុង​ស្រទាប់​ប្រជាជន​ខ្មែរ​ស្ទើរ​ទូទៅ ក៏​ស្គាល់ឈ្មោះ​លោក ប្រាជ្ញ ឈួន ថា​ជា​អ្នក​ចាប៉ី​ដ៏​អស្ចារ្យ​នៅ​កម្ពុជា​។ ជីវិត​អ្នក​ចាប៉ី​រូបនេះ សល់​តែ​កិត្តិសព្ទ និង​ស្នាដៃ​សម្រាប់​កូន​ខ្មែរ ។ទោះលោកទទួលមរណភាពក្តីក៏តែ​ខ្សែអាត់​សំឡេង​នៃ​ចម្រៀង​ចាប៉ី​របស់លោក​ដែល​អប់រំ កំដរ​អារម្មណ៍​ប្រជាជន​ខ្មែរ ត្រូវគេ​យកទៅ​ចាក់​តាម​ឧ​គ្ឃោ​សន​សព្ទ (​មេក្រូ​) នៅតាម​ទី​អារាម ឬ​នៅតាម​ពិធី​បុណ្យទាន​តាមបែប​ព្រះពុទ្ធសាសនា ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជំនាន់​ក្រោយ​នៅតែ​ស្គាល់ឈ្មោះ​អ្នក​ចាប៉ី​ប្រាជ្ញ ឈួន ជានិច្ច​៕ ដោយ វឌ្ឍនា

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print