ភ្នំពេញ៖ក្រោយពីស្ថានភាពជំងឺរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងភិរម្យ ប្រាជ្ញ ឈួន កាន់តែធ្ងន់ធ្ងរនោះនៅយប់រំលងអាទ្រាធចូលថ្ងៃទី១៧ ខែវិច្ឆិកានេះ លោកបានទទួលមរណភាពហើយក្នុងជន្មាយុ៨២ឆ្នាំ ។ មរណភាពរបស់លោកព្រឹទ្ធាចារ្យបានបន្សល់ទុកនូវការសោកស្តាយជាខ្លាំងសម្រាប់ក្រុមគ្រួសារ និងប្រជាជនខ្មែរគ្រប់ទិសទី។
ព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន មានស្ថានភាពជំងឺរ៉ាំរៃ ដូចជាលើសឈាម បញ្ហាតម្រងនោម បេះដូង និងសួត ជាង១០ឆ្នាំហើយ។ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ស្ថានភាពជំងឺគាត់ធ្វើទុក្ខខ្លាំង ដែលធ្វើឲ្យគ្រួសាររបស់លោកព្រឹទ្ធាចារ្យ សម្រេចចិត្តបញ្ជូនលោកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ មុននឹងបញ្ជូនបន្តមកមន្ទីរពេទ្យកាល់ម៉ែត្រ នាថ្ងៃទី៨ ខែវិច្ឆិកា និងបានទទួលមរណភាពកាលពីវេលាម៉ោង១រំលឹងអាទ្រាធចូលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៨នេះ។
លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន កើតនៅឆ្នាំ ១៩៣៦ នា ភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។ អ្នកចាប៉ីដែលពិការភ្នែកដោយសារតែជំងឺកញ្ជ្រិលកាលពីខ្លួនមានអាយុ ៥ ឆ្នាំ តែអាចមើលឃើញព្រាលៗខ្លះដែរនោះ បានរម្លឹកថា លោកបានចេះដឹងអក្សរសាស្ត្រខ្លះ មានដូចជា បាលី កំណាព្យ ដោយសារព្រះសង្ឃមួយអង្គនៅក្នុងវត្តសមរ នៅក្បែរភូមិរបស់លោក ជួយបង្ហាត់បង្រៀន ឲ្យថា តាមព្រះអង្គ។ ដោយសារមាននិស្ស័យនឹងសិល្បៈចាប៉ី អាយុទើបតែ ១២ ឆ្នាំ កុមារា ប្រាជ្ញ ឈួន បានចាប់ផ្តើមចេះច្រៀងចាប៉ីដងវែងល្អគ្រាន់បើ។ កុមារា ប្រាជ្ញ ឈួន ចេះច្រៀងចាប៉ី ដោយសារតែមានការជំរុញពីបងប្រុស និងឪពុកមារបស់ខ្លួន ដែលជាអ្នកចាប៉ីមានកិត្តិនាមល្បាញល្បីក្នុងសម័យសង្គមរាស្ត្រនិយម គឺលោកតា ប៉ែត ឌុក ដែលមហាជនខ្មែរហៅថា លោកតាចង្កូម ៨ ។ ចាប់ពីពេលនោះមក កិត្តិនាមរបស់អ្នកចាប៉ីដងវែង ប្រាជ្ញ ឈួន បានចាប់ផ្តើមល្បីល្បាញបន្តិចម្តងៗពីភូមិមួយទៅភូមិមួយនៅក្នុងខេត្តតាកែវ។ ហើយកេរ្តិ៍ឈ្មោះ របស់លោកបានចាប់ផ្តើមល្បីខ្លាំងមែនទែន ដែលមានទាំងរាស្ត្រ និងមន្ត្រីស្គាល់ច្រើន នៅឆ្នាំ ១៩៦២ នៅពេលដែលអ្នកចាប៉ីរូបនេះ ប្រឡងនៅវិទ្យុជាតិផ្នែកចាប៉ីដងវែងជាប់ចំណាត់ថ្នាក់លេខ ១ ។ ជ័យលាភីនេះ ធ្វើឲ្យលោកប្រាជ្ញ ឈួន ដែលពេលនោះទើបតែមានវ័យ ២៦ ឆ្នាំ និងបន្ទាប់ពីរៀបការរួច ត្រូវចាកចេញពីស្រុកកំណើតមករស់នៅភ្នំពេញ។
បន្ទាប់ពីទទួលបានជ័យលាភីលេខ ១ អ្នកចាបីរូបនេះ បានវិចបង្វិចរបស់ខ្លួនចាកចោលស្រុកកំណើតមករស់នៅភ្នំពេញ ពីព្រោះតែលោកមានភារកិច្ចត្រូវច្រៀងចាប៉ីនៅស្ថានីយវិទ្យុជាតិនៅឯភ្នំពេញជាប្រចាំ។ តែជាអកុសល កំពុងតែពេញចិត្ត និងត្រេកត្រអាលនឹងអាជីពរបស់ខ្លួនជាអ្នកចាប៉ីដងវែង មិនបានប៉ុន្មានឆ្នាំផង របបប្រល័យពូជសាសន៍ ប៉ុល ពត បានឈានចូលមកដល់ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ លោក ត្រូវបានរបបនេះ ជម្លៀសពីភ្នំពេញមកនៅស្រុកកំណើតវិញ។ ជីវិតតស៊ូលំបាករបស់អ្នកចាប៉ី ប្រាជ្ញ ឈួន ក្នុងរបបនេះ ក៏មិនខុសពីប្រជាជនខ្មែរដទៃទៀត ដែលបានឆ្លងកាត់របបដ៏ខ្មៅងងឹតនេះដែរ។ នៅក្នុងរបបនេះ លោកវិះនឹងបាត់បង់ជីវិតលែងបានកាន់ដងចាប៉ីច្រៀងទៀតនៅពេលនោះ។ក្រោយពីរបប ប៉ុល ពត បានដួលរលំទៅនៅឆ្នាំ ១៩៧៩ ផ្ទាំងប្រវត្តិសាស្ត្រន៍ល្អរបស់កម្ពុជា បានកើតឡើងជាថ្មី ហើយអ្នកចាប៉ីដងវែងរបស់យើង ក៏នៅតែបន្តអាជីពជាអ្នកចាប៉ី ដើម្បីចិញ្ចឹមជីវិត និងគ្រួសារ ហើយបន្តច្រៀងនៅវិទ្យុជាតិដដែល រហូតដល់ឆ្នាំ ២០០០ ទើបលោកចូលនិវត្តន៍។ ថ្វីដ្បិតតែលោក ចូលនិវត្តន៍ឈប់ច្រៀងនៅវិទ្យុជាតិពិតមែន តែអ្នកចាប៉ីរូបនេះ នៅតែអាចមានកម្លាំងទៅច្រៀងតាមកម្មវិធីទូរទស្សន៍ តាមផលិតកម្ម និងកម្មវិធីសំខាន់មួយចំនួនដែរ ដើម្បីចិញ្ចឹមជីវិត មុននឹងលោកលែងមានកម្លាំងអាចច្រៀងកើត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន ជាអ្នកចាប៉ីដ៏ល្បីល្បាញ ដ៏ពូកែ តែគួរឲ្យសោកស្តាយណាស់សម្រាប់អ្នកចាប៉ីរូបនេះនោះ គឺកូនៗរបស់លោកទាំង ៥ នាក់របស់លោក គ្មាននរណាម្នាក់ចេះច្រៀងចាប៉ីដូចខ្លួននោះដែរ។ កូនៗរបស់លោកទាំង ៥ នាក់នោះ អ្នកខ្លះធ្វើជាទាហាន និងកសិករជាដើម។ លោកថា ជីវិតជាអ្នកចាប៉ីពិបាកនឹងរកថវិកាចិញ្ចឹមជីវិត ហើយម្យ៉ាងកូនៗរបស់លោកទាំងនោះ ហាក់មិនសូវមានចំណូលចិត្តនឹងចាប៉ីប៉ុន្មាននោះទេ។ លោកត្រូវបានទទួលស្គាល់ជាបុគ្គលដ៏មានទេពកោសល្យមួយរូប និងជាទីគោរពរបស់ពលរដ្ឋកម្ពុជា បានបន្សល់ទុកនូវស្នាដៃផ្នែកចាប៉ីជាច្រើនសម្រាប់កូនខ្មែរជំនាន់ក្រោយស្តាប់។ កិត្តិសព្ទរបស់អ្នកប្រាជ្ញផ្នែកចាប៉ីដងវែងរូបនេះ មិនត្រឹមតែល្បីខ្ទរខ្ទារនៅក្នុងពិភពអ្នកចាប៉ីដងវែងដូចគ្នាឡើយ តែក្នុងស្រទាប់ប្រជាជនខ្មែរស្ទើរទូទៅ ក៏ស្គាល់ឈ្មោះលោក ប្រាជ្ញ ឈួន ថាជាអ្នកចាប៉ីដ៏អស្ចារ្យនៅកម្ពុជា។ ជីវិតអ្នកចាប៉ីរូបនេះ សល់តែកិត្តិសព្ទ និងស្នាដៃសម្រាប់កូនខ្មែរ ។ទោះលោកទទួលមរណភាពក្តីក៏តែខ្សែអាត់សំឡេងនៃចម្រៀងចាប៉ីរបស់លោកដែលអប់រំ កំដរអារម្មណ៍ប្រជាជនខ្មែរ ត្រូវគេយកទៅចាក់តាមឧគ្ឃោសនសព្ទ (មេក្រូ) នៅតាមទីអារាម ឬនៅតាមពិធីបុណ្យទានតាមបែបព្រះពុទ្ធសាសនា ដែលធ្វើឲ្យប្រជាជនជំនាន់ក្រោយនៅតែស្គាល់ឈ្មោះអ្នកចាប៉ីប្រាជ្ញ ឈួន ជានិច្ច៕ ដោយ វឌ្ឍនា