ខេត្តព្រះសីហនុ ៖ ក្រុមឈ្មួញដឹកទំនិញតាមទូក តាមរថយន្ត បានក្លាយទៅជាផ្ទាំងស៊ីបលោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករ ទំបនប់រលក កៀប ជំរិត បង្ខំឲ្យបង់លុយក្រៅវិក័យបត្រ នៃចំណូល ប្រយោជន៍បុគ្គលប្រព្រឹត្តអំពើពុករលួយ ក្នុងចេតនាទុច្ចរិតបំបាត់ចំណូលពន្ធរបស់រដ្ឋ តាមរយៈអំណាច ខ្លួនមាន តួនាទី ទប់ស្កាត់ទំនិញគេចពន្ធ បង្ក្រាប សហការជាមួយស្ថាប័នប្រមូលពន្ធជូន ហើយក្លាយជាតួអង្គទាញយក ប្រភពសេដ្ឋកិច្ចលុយក្រោមតុ និងបង្កើតការិយាធិបតេយ្យឲ្យទំនិញគេចពន្ធហូរចូលយ៉ាងគំហុកតាមកំពង់ផែទំនប់រលក ធ្វើការរបៀបកន្ទេលធំបន្លំដេក ឬជាមន្ត្រីគ្រាប់ល្ពៅនោះ ។
កន្លងមកក៏ដូចបច្ចុប្បន្ន កំពង់ផែទំនប់រលក ទំនិញជាច្រើនប្រភេទត្រូវបានគេដឹងថា ភាគច្រើនគេចពន្ធ បន្ទាប់ពី សមត្ថកិច្ច និងខាងស្ថាប័នគយរបស់លោក ណុប សំអាន ជាអ្នកបើកភ្លើងខៀវ ក្នុងនោះមានប្រភេទទំនិញស្ករស ចាប់ហួយ ស្រាបៀ កង់រថយន្ត ដែក ស៊ីម៉ងត៍ ។ល។ ការនាំចូលបង់ពន្ធមិនគ្រប់ដោយសារអំពើឃុបឃិតគ្នារវាង ឈ្មួញនិងសមត្ថកិច្ចគយកើតឡើងជាលក្ខណៈប្រព័ន្ធ ។ ក្នុងនោះគេបានបញ្ជាក់ថា ក្រុមឈ្មួញដែលមានឱកាស ប្រើប្រាស់រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែ ដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែង ភេទទំនិញជាដើម…ដឹកចេញពីកំពង់ផែទំនប់រលកបានមានដូចជាក្រុមហ៊ុន ១-គាធី ២-ចៃរ៉ា ៣-ចែវី ៤-ណុប ៥-កូ ៦-សុខុម ៧-ហួត និងមានឈ្មួញជាច្រើនទៀតដែលជាសែទុយោក្រាស់ៗ និងមានខ្នងបង្អែកជាមេកម្លាំង ប្រដាប់អាវុធជាដើម ។
គេបានលួចទម្លាយថា លោក ណុប សំអាន បានឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាល ស្រប ពេលរាល់ទំនិញដឹកតាមទូកចូលមកកំពង់ផែទំនប់រលក ភាគច្រើនគេចពន្ធ ។ ដូច្នេះលោក ណុប សំអាន បានឲ្យ កូនចៅប្រើវិធីរកលុយដោយការគាបឈ្មួញ ទី១-យកលុយពីម្ចាស់ទំនិញនៅលើទូកដែលដឹកពីប្រទេសថៃ ២-យកលុយពីម្ចាស់ទទួលចាំទិញទំនិញ ៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើឲ្យបង់ជាក្បាលរថយន្ត ក្នុង មួយរថយន្តពី៣០០ដល់៥០០ដុល្លារ ។ លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាប ខណៈឈ្មួញបង់ ពន្ធគ្រប់ចំនួន ។
មន្ត្រីបានទម្លាយថា បើទោះជាមានករណី ទំនិញខ្លះបង់ពន្ធតាមឯកសារប្រតិវេទន៍គយ ក៏លោកណុប សំអាន បង្កើតឲ្យមានការិយាធិបតេយ្យបង់លុយក្រោមតុ ក្នុងមួយឯកសារយ៉ាងតិចចាប់ពី៧០ដុល្លារ ឬជាង១០០ដុល្លារ ចាត់ចែងទៅមន្ត្រីគយ ។
ក្នុងមួយយប់ៗរថយន្តបានដឹកទំនិញចេញពីកំពង់ផែទំនប់រលកដូចហែកឋិន ហើយលោក ណុប សំអាន ក៏ទទួល បាននូវប្រភពសេដ្ឋកិច្ចពីចំណូលឲ្យឈ្មួញបង់លុយបង់ក្បាលរថយន្ត និងចំណូលផ្សេងទៀតបានមកពី ឈ្មួញបង់ប្រចាំខែ ក្នុងមួយករណីរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ ។ មន្ត្រីបានរំឭកថា ប្រសិនបើថ្នាក់លើមិនបាន ចាប់អារម្មណ៍ ឬមានវិធានការកំណែទម្រង់រដ្ឋបាលទេនោះ វប្បធម៌នៃអំពើពុករលួយរបស់លោក ណុប សំអាន ពិតណាស់ថា គាត់មានចេតនាទុច្ចរិតគៃបំបាត់ពន្ធនាំចូលរបស់រដ្ឋ ដើម្បីប្រយោជន៍បុគ្គល បក្ខពួក ហើយក៏ជា ប្រភពសេដ្ឋកិច្ច ដែលថ្នាក់លើមួយចំនួនប្រឹងទទួលយកសំណូកប្រចាំខែផងក៏អាចថាបាន។
តំបន់កំពង់ផែទំនប់រលក ប្រសិនបើលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមានវិធានការត្រួតពិនិត្យតាមដានរាល់សកម្មភាពនៃទំនិញគេចពន្ធហូរចូល ហើយតម្រូវឲ្យបង់ពន្ធនាំចូលស្របច្បាប់គ្រប់ចំនួន តាមប្រភេទទំនិញ ច្រកមួយនេះអាចនឹងរកចំណូលពន្ធជូនរដ្ឋ មានចំនួនច្រើនលើសលុប ។ ប៉ុន្តែបច្ចុប្បន្នការបង់ពន្ធពិតប្រាកដមានកម្រិត។ ដោយឡែកអំពើពុករលួយក្រោមតុ គឺមានចំនួនច្រើនលើសលុបបំផុតទៅលើមេគយ និងមន្ត្រីមួយចំនួនដែលពាក់ព័ន្ធទទួលសំណូក និងគាបសង្កត់ ជំរិតឈ្មួញបានកើតឡើងជាទម្លាប់ ដែលពួកគេកំពុងយកទៅធ្វើមានបាន ក្នុងសំណូមដែលសង្គមស្អប់ខ្ពើម និង ជាក្រុមមន្ត្រីកន្ទេលធំបន្លំដេក ឬមន្ត្រីគ្រាប់ល្ពៅនោះ ។
ពាក់ព័ន្ធនឹងការរិះគន់ខាងលើ អង្គភាពនគរដ្រេហ្គនមិនអាចសុំការបំភ្លឺពីលោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករទំនប់រលកបានទេនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមទូរស័ព្ទលោកគ្រាន់តែនិយាយយ៉ាងខ្លីថា កំពុងជាប់រវល់ មានភារកិច្ចចូលរួមហែជំនូនការកូនមេ ។ ដូច្នេះគ្មានពេលនិយាយទេ សុំទោសផងរួចក៏បិទទូរស័ព្ទ៕ សុខ ខេមរា